អ៊ីស្រាអែល ស្វែងរកអ្នកជំនួសទីភ្នាក់ងារជំនួយ UNRWA នៅហ្គាហ្សា, អំពាវនាវដល់អង្គការជំនួយផ្សេងៗចូលរួម (Video inside)
10-03-2025 21:52
(ហ្សឺណែវ)៖ អ៊ីស្រាអែល កំពុងស្វែងរកទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត និងក្រុមជំនួយនានាចូលមកជំនួសតួនាទីរបស់ទីភ្នាក់ងារ ផ្តល់ជំនួយសង្គ្រោះដល់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលហៅកាត់ថា UNRWA នៅតំបន់ហ្គាហ្សា។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Daniel Meron កាលពីថ្ងៃចន្ទ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានហាមឃាត់ទីភ្នាក់ងារជំនួយនេះ មិនឲ្យប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួនកាលពីខែមករា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Meron បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្វែងរកអ្នកជំនួសការងាររបស់ UNRWA នៅតំបន់ហ្គាហ្សា។ លោកបានបញ្ជាក់ថា អ៊ីស្រាអែលកំពុង «លើកទឹកចិត្ត» ទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត និងអង្គការក្រៅរដ្ឋាភិបាល (NGOs) ឲ្យចូលមកទទួលបន្ទុកផ្នែកនីមួយៗនៃការងារដែល UNRWA ធ្លាប់ធ្វើ ដោយផ្អែកលើជំនាញរបស់អង្គការនីមួយៗ។
ទោះជាយ៉ាងណា លោក Meron មិនបានបញ្ចេញឈ្មោះអង្គការជាក់លាក់ណាមួយដែលអ៊ីស្រាអែលកំពុងទាក់ទងនោះទេ៕