(បែរឡាំង)៖ ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករាមក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលជំហររបស់សហរដ្ឋអាមេរិក យ៉ាងលឿនរហ័ស និងស្ទើរតែទាំងស្រុងចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ហើយដែលការផ្លាស់ប្ដូរនេះបានធ្វើឱ្យទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងតំបន់អឺរ៉ុប មានការតក់ស្លុតឥតឧបមា។ បន្ថែមពីលើនេះ ជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ព្រមទាំងសេចក្ដីថ្លែងការណ៍របស់សេតវិមានដែល បញ្ជាក់ពីការបដិសេធសំណើសុំចូល NATO របស់អ៊ុយក្រែន ការផ្អាកការផ្ដល់ជំនួយយោធាអាមេរិកទាំងអស់សម្រាប់អ៊ុយក្រែន និងសកម្មភាពជាច្រើនទៀតដូចជាការដំឡើងពន្ធលើសម្ព័ន្ធមិត្តខ្លួនឯង ត្រូវបានមជ្ឈដ្ឋានភាគច្រើនមើលឃើញថាជាផ្នែកមួយនៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ និងដាក់សម្ពាធឱ្យទីក្រុងកៀវ ទទួលយកបទឈប់បាញ់ មួយតាមលក្ខខណ្ឌរុស្ស៉ី។
ក្រុមមេដឹកនាំអឺរ៉ុបកំពុងគិតគូរពីការធ្វើការឆ្លើយតបរួមមួយ ក្នុងនោះរួមមានទាំងការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈបង្កើនកញ្ចប់ថវិកាយោធា ប្រឈមមុខនឹងសកម្មភាពជាច្រើនរបស់លោក ត្រាំ ដែលអាចនឹងធ្វើឱ្យ «និម្មាបនកម្មសន្តិសុខ» ក្រោយសង្រ្គាមលោកលើកទី២ ក្នុងតំបន់អឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់។
* ការកើនឡើងការព្រួយបារម្ភនៅជប៉ុន និងកូរ៉េខាងត្បូង
ការប្រែប្រួលស្ថានការណ៍យ៉ាងលឿនរហ័ស កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អាស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ដែលសុទ្ធតែកំពុងសង្ស័យ និងព្រួយបារម្ភពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់ពួកគេ។ តែទោះជាបែបនេះក្ដី ផ្ទុយពីមេដឹកនាំអឺរ៉ុប រដ្ឋាភិបាលក្នុងទីក្រុងតូក្យូ និងសេអ៊ូល បានរក្សាភាពស្ងប់ស្ងាត់ និងប្រយ័ត្នប្រយែង ដោយសារតែបារម្ភខ្លាចថាអាចធ្វើឱ្យមេដឹកនាំម្នាក់ដែលពួកគេពឹងផ្អែកមួយផ្នែកធំខាងសន្តិសុខ និងពាណិជ្ជកម្ម ខឹងសម្បារ។ ទាំងជប៉ុន និងកូរ៉េខាងត្បូង ពឹងផ្អែកយ៉ាងខ្លាំងលើការការពារសន្តិសុខពីអាមេរិក ដែលបានដាក់ពង្រាយកងទ័ពជាង ៨០ ០០០នាក់នៅក្នុងប្រទេសទាំង២។ ដូច្នេះចង់ ឬមិនចង់ កូរ៉េខាងត្បូង និងជប៉ុន មិនអាចបដិសេធអាមេរិកទាំងស្រុង ក្នុងពេលដែលអ្នកជិតខាងរបស់ខ្លួនដូចជាចិន កូរ៉េខាងជើង និងរុស្ស៉ី កំពុងបង្កើនឥទ្ធិពលយោធាឡើយ។ លោក Jeff Kingston ជានាយកផ្នែកសិក្សាពីអាស៊ី នៃសាកលវិទ្យាល័យ Temple University មានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិយាយថាជប៉ុន និងកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ពិភពលោកសព្វថ្ងៃ ហើយប្រទេសទាំង២អាចកំពុងចោទសួរខ្លួនអាចថាតើពួកគេអាចនឹងត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោល ដែរឬក៏យ៉ាងណា? លោកបន្ថែមថា ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលគឺជាសត្រូវផង និងជាមិត្តនឹងគ្នាផងដោយសារតែបញ្ហាប្រវត្តិសាស្ត្រ។ ប៉ុន្តែ អ្នកជំនាញផ្យេងទៀតយល់ថាលោក ត្រាំ ប្រហែលជាបានចូលរួមចំណែកពង្រឹងសាមគ្គីភាពរវាង ប្រទេសទាំង២ ដោយប្រយោល ក្នុងបរិបទដែលកូរ៉េខាងត្បូង និងជប៉ុនមានអារម្មណ៍ថារងការគំរាមកំហែងដូចគ្នាពីសកម្មភាពមួយចំនួនរបស់លោក ត្រាំ។
* មិនសូវមានតម្លៃ ទោះត្រូវជាសម្ព័ន្ធមិត្ត?
សូម្បីតែក្នុងចំណោមអ្នកនយោបាយអភិរក្សនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលធ្លាប់គាំទ្រគោលនយោបាយរបស់លោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ក៏ឥលូវបានបង្ហាញការមិន ពេញចិត្តចំពោះការសម្រេចចិត្តមួយចំនួនរបស់លោក ត្រាំ និងបារម្ភថាទំនាក់ទំនងជាសម្ព័ន្ធមិត្តរាប់ទសវត្សរ៍មកនេះរបស់ពួកគេនឹងមិនសូវមានតម្លៃចំពោះលោក ត្រាំ។ លោក Yoichi Shimada ជាអ្នកនយោបាយស្ដាំនិយមមកពីគណបក្សអភិរក្សនិយមជប៉ុន (Conservative Party) បានទទួលស្គាល់ថាលោកធ្លាប់ជាអ្នកគាំទ្រលោក ត្រាំម្នាក់ មុននឹងរូបលោកត្រឡប់មកដឹកនាំសេតវិមានសាជាថ្មី។
ប៉ុន្តែ លោក Shimada បាននិយាយថាឥលូវ លោកមានការសង្ស័យយ៉ាងខ្លាំងអំពីគោលនយោបាយជាច្រើនរបស់លោក ត្រាំ ហើយរំពឹងថាប្រធានាធិបតីអាមេរិករូបនេះអាចនឹងទាមទារក្នុងពេលឆាប់ៗឱ្យជប៉ុន បង់ថ្លៃការពារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កងទ័ពអាមេរិកដែលកំពុងឈរជើងនៅលើទឹកដីជប៉ុន។ «ខណៈមានការយល់ឃើញជារួមថាវត្តមានកងទ័ពអាមេរិកលើទឹកដីជប៉ុន ជួយជំរុញគោលនយោបាយ សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏លោក ត្រាំមើលឃើញថាពួកគេជាឧបករណ៍មួយដើម្បីកើបលុយពីប្រទេសដែលទទួលឱ្យកងទ័ពអាមេរិកឈរជើង»។ នេះជាការយល់ឃើញរបស់លោក Shimada។ តាមលោក Shimada លោក ត្រាំ បានដឹងយ៉ាងច្បាស់ថាជប៉ុនមិនអាចពង្រឹងសន្តិសុខដោយខ្លួនឯង ឬដោះស្រាយជាមួយចិន ឬកូរ៉េខាងជើងតែម្នាក់ឯងបាននោះទេ ដូច្នេះជប៉ុន គ្មានជម្រើសអ្វីច្រើន ក្រៅតែពី និយាយថា «Yes»។
* តើវាជាសញ្ញាបង្ហាញថាលោក ត្រាំ កំពុងផ្ដោតលើឥណ្ឌូប៉ាស៊ីហ្វិក ឬ?
សកម្មភាពរបស់លោក ត្រាំ ក៏បានបង្កឱ្យមានការព្រួយបារម្ភផងដែរនៅក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលប្រទេសជាច្រើនកំពុងពឹងផ្អែកលើការគាំទ្រសន្តិសុខពីសហរដ្ឋអាមេរិក ក្នុង ភាពតានតឹងរបស់ពួកគេជាមួយចិន។ «ខណៈអ្នកនយោបាយ និងអ្នកជំនាញមួយចំនួនក្នុងតំបន់ ជឿជាក់ថាការបែរខ្នងរបស់អាមេរិកដាក់អឺរ៉ុបជាសញ្ញាមួយបង្ហាញពីការផ្ដោតរបស់សហរដ្ឋអាមេរិកចំពោះតំបន់ អាស៊ី តែពួកគេក៏មិនគួរមានសុទិដ្ឋិនិយមខ្លាំងពេកនោះដែរ»។ នេះជាការលើកឡើងរបស់លោក Khac Giang Nguyen ជាអ្នកវិភាគម្នាក់ឱ្យវិទ្យាស្ថាន ISEAS–Yusof Ishak ក្នុងប្រទេសសិង្ហបុរី។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ក្នុងរដ្ឋបាលលោក ត្រាំ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តោតលើសមត្ថភាពសន្តិសុខរបស់ខ្លួនទាំងស្រុងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយក្នុងទីក្រុងបែរឡាំង កាលពីខែកុម្ភៈថា «យុទ្ធសាស្ត្រជាក់ស្ដែងបានរារាំងសហរដ្ឋអាមេរិកពីការផ្ដោតជាចម្បងលើសន្តិសុខអឺរ៉ុប។ លោកបន្ថែមថា «ទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្ន កំពុងផ្ដោតលើចិនដែលមានសមត្ថភាព និងមានគោលបំណងគំរាមកំហែងដល់ទឹកដីកំណើតរបស់យើង និងផលប្រយោជន៍ស្នូលរបស់យើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
* តើវាមានន័យយ៉ាងណាសម្រាប់តៃវ៉ាន់?
កាលពីថ្ងៃទី៤ ខែមីនា លោក Elbridge Colby ដែលត្រូវបានលោក ត្រាំ តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិទទួលបន្ទុកកិច្ចការគោលនយោបាយ បានលើកឡើងពីបញ្ហាតៃវ៉ាន់ អំឡុងថ្លែងទៅ កាន់គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភាអាមេរិក។ លោកបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនមានផលប្រយោជន៍សន្តិសុខជាតិដ៏សំខាន់នៅតៃវ៉ាន់ ហើយប្រសិនបើបាត់បង់តៃវ៉ាន់ ឬក៏បណ្ដោយ តៃវ៉ាន់ដួលរលំ នោះវានឹងក្លាយជាមហន្តរាយមួយចំពោះផលប្រយោជន៍អាមេរិក។ ប៉ុន្តែ លោកក៏បានរិះគន់រដ្ឋាភិបាលតៃវ៉ាន់ផងដែរ ដោយនិយាយថាតៃប៉ិ បានចំណាយក្រោម ៣ភាគរយនៃផលិតផលក្នុងស្រុក សរុប ឬ GDP លើវិស័យការពារជាតិ ហើយថាតៃវ៉ាន់គួរតែចំណាយ ១០ភាគរយ នៃ GDP លើវិស័យការពារជាតិ។
* ពង្រឹងសមត្ថភាពការពារជាតិ និងកិច្ចសហប្រតិបត្តិការ
សម្រាប់បណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ការបង្ហាញទំនោររបស់រដ្ឋបាលលោក ត្រាំ គាំទ្រដល់ទស្សនៈមួយចំនួនរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងការគាំទ្ររុស្ស៉ីក្នុងការបោះឆ្នោតមួយ នៅឯ អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានបញ្ជូនសញ្ញាមួយយ៉ាងច្បាស់ថាទីក្រុងវ៉ាស៊ីនតោនសព្វថ្ងៃ កំពុងគិតគូរតែពីអំណាចរបស់ខ្លួនឯង មិនមែនសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នោះទេ។ នេះបើ តាមលោក Zachary Abuza ជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍ និងជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ National War College ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោកបានបន្តថាបណ្ដាប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ប្រហែលជាកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថាសហរដ្ឋអាមេរិកអាចនឹងបោះបង់ចោលពួកគេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈានដល់កិច្ចព្រមព្រៀងធំណាមួយជាមួយចិន។
បើទោះជាលោក ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិន ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាត់វិធានការសងសឹកវិញក៏ពិតមែន ក៏ក្រុមអ្នកវិភាគខ្លះនៅតែសង្ស័យថានៅចុងបញ្ចប់ លោក ត្រាំ អាចនឹងព្យាយាមស្វែងកិច្ចព្រមព្រៀងដ៏ធំមួយ ដើម្បីបិទបញ្ចប់ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ហើយបើរឿងបែបនេះកើតឡើងមែន នោះវានឹងធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ស្ថិតក្នុងភាពអស់សង្ឃឹមនៅក្នុងជម្លោះរបស់ពួកគេជាមួយប៉េកាំង។ លោក Joshua Espena ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថានស្រាវជ្រាវ International Development and Security Cooperation មានមូលដ្ឋានក្នុងទីក្រុងម៉ានីល បាននិយាយថាប្រទេសភាគច្រើនក្នុងតំបន់នឹងបន្តពង្រឹងទំនាក់ទំនងជាមួយមហាអំណាចក្នុងតំបន់។ ជាឧទាហរណ៍៖ ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាសន្តិសុខ ជាមួយសហរដ្ឋអាមេរិក និងកំពុងមានជម្លោះទឹកដីជាមួយចិននៅឯសមុទ្រចិនខាងត្បូង នឹងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ខណៈពង្រឹងសមត្ថភាពយោធាផ្ទាល់ខ្លួន និងពង្រីក កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយមហាអំណាចក្នុងតំបន់ដូចជាជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់។ ប៉ុន្តែ បើតាមអ្នកជំនាញរូបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះថាក្នុង បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ តួយ៉ាងដូចជាហ្វីលីពីន ក៏មានតួអង្គនយោបាយសំខាន់ៗដែលមានទំនោរចង់បានទំនាក់ទំនងល្អជាមួយចិន ផងដែរ។
ម្យ៉ាងវិញទៀត សម្រាប់លោក Ian Storey ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak Institute នៅទីបំផុតទៅ គ្មានប្រទេសណាមួយអាចជំនួសកន្លែងរបស់សហរដ្ឋអាមេរិក ក្នុងនាមជា អ្នកផ្ដល់ការធានាសន្តិសុខបាននោះទេ។ ដូច្នេះពួកគេមានតែត្រូវខាំធ្មេញខំទ្រាំ ហើយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង៕