(ម៉ូស្គូ)៖ វិមានក្រឹមឡាំង​ បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​ខាង​លិច ​ដែល​ថា រុស្ស៊ី​បាន​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដោយ​អះអាង​ថា​ការ​ចោទ​ប្រកាន់​ទាំង​នោះ​គឺ «គ្មាន​ខ្លឹមសារ» និង «មិន​ពិត» ហើយ​គ្មាន​ភស្តុតាង​បញ្ជាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​វិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានចុះផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Peskov បាន​ធ្វើ​អត្ថាធិប្បាយ​នេះ ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​ថា សហរដ្ឋអាមេរិក​បាន​ផ្អាក​វិធានការ​មួយ​ចំនួន ​ក្នុង​ការ​ប្រឆាំង​នឹង​យុទ្ធនាការ​បំផ្លិចបំផ្លាញ​ដែល​ចោទ​ថា​រុស្ស៊ី​ជា​អ្នក​ប្រព្រឹត្ត។ លោក​បាន​បញ្ជាក់​ថា «គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​វត្តមាន​នៃ​យុទ្ធនាការ​បំផ្លិចបំផ្លាញ​ ដែលត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​ច្បាប់ ​នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​ក៏​ដោយ»

លោក Peskov បាន​បន្ថែម​ថា រដ្ឋបាល​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុង​តែ​ព្យាយាម​កម្ចាត់​ចោល​នូវ​អ្វី​ដែល «គ្មាន​ប្រសិទ្ធភាព ពុករលួយ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន» ហើយ​លោក​យល់​ថា​សកម្មភាព​នេះ​គឺ​អាច​យល់​បាន។

គួរបញ្ជាក់ថា ការ​អត្ថាធិប្បាយ​របស់​វិមាន​ក្រឹមឡាំងនេះ​ ​ធ្វើ​ឡើង​ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​លោក​ខាង​លិច​ថា រុស្ស៊ី​បាន​ធ្វើ​យុទ្ធនាការ​បំផ្លិចបំផ្លាញ រួម​ទាំង​ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។ ប្រធាន​ចារកម្ម​អង់គ្លេស ​ធ្លាប់​បាន​ហៅ​យុទ្ធនាការ​នេះ​ថា មាន​ហានិភ័យ​ខ្ពស់ដែលអាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ហើយថ្មីៗ​នេះ ជនជាតិ​ប៊ុលហ្គារី​បី​នាក់​ត្រូវ​បាន​កាត់ទោស​នៅ​ទីក្រុង​ឡុងដ៍​ពី​បទ​ចារកម្ម​ឲ្យ​រុស្ស៊ី។

ទោះជាយ៉ាងណា​ រុស្ស៊ី​តែងតែ​បដិសេធ​រាល់​ការ​ពាក់ព័ន្ធ​នឹង​ផែនការ ឬ​សកម្មភាព​បំផ្លិចបំផ្លាញ​ណា​មួយ៕