(កូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ី បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីមានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារដែលសង្ស័យថា ធ្វើឡើងដោយក្រុមឧទ្ទាមបានសម្លាប់មនុស្ស ៥ នាក់ និងរបួស ១៣ នាក់ផ្សេងទៀតកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។
ការវាយប្រហារទាំងនេះ បានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ដែលភាគច្រើនជាជនជាតិម៉ាឡេមូស្លីម ជាតំបន់ដែលមានជម្លោះអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ រវាងក្រុមបះបោរផ្តាច់ខ្លួន និងរដ្ឋាភិបាលថៃ។ ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ។
ក្រសួងការបរទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយផ្តល់អនុសាសន៍យ៉ាងខ្លាំង ដល់ពលរដ្ឋម៉ាឡេស៊ីឲ្យពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនោះ។
គួរបញ្ជាក់ថាម៉ាឡេស៊ី គឺជាប្រភពភ្ញៀវទេសចរធំជាងគេទីពីរសម្រាប់ប្រទេសថៃ ដោយមានភ្ញៀវទេសចរប្រមាណ ៤.៩ លាននាក់ក្នុងចំណោមភ្ញៀវទេសចរសរុប ៣៥.៥ លាននាក់កាលពីឆ្នាំមុន។
អភិបាលខេត្ត Narathiwat លោក Trakul Thotham បានបញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងតំបន់នោះ។ លោកបានទទួលស្គាល់ថា ហេតុការណ៍ហិង្សាបែបនេះមិនបានកើតឡើងក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះទេ ហើយថាការវាយប្រហារនេះ អាចនឹងមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលដំបូង៕