(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសសំខាន់ៗបាននាំគ្នាផ្សាយដំណឹង អំពីមហាសន្និបាតទាំងពីររបស់ចិនតាមវិធីការផ្សាយបន្តផ្ទាល់ និងការឆ្លើយឆ្លងគ្នានៅសាលប្រជុំ ហើយដំណឹងអំពីគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥របស់ប្រទេសចិនត្រូវបានចុះផ្សាយនៅទំព័រមុខ។
វេបសាយ «Financial Times » របស់អង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ប្រទេសចិនបានប្រកាសពីគោលដៅមានឆន្ទៈយ៉ាងមុតមាំមួយ ពោលគឺផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%។
វេបសាយកាសែត «Handelsblatt» របស់ប្រទេសអាល្លឺម៉ង់បានផ្សាយដំណឹងឱ្យដឹងថា ប្រទេសចិនបានលើកឡើងគោលដៅកំណើនប្រចាំឆ្នាំ ចំនួន៥ភាគរយជាថ្មីម្តងទៀត ថ្នាក់ដឹកនាំចិនរំពឹងទុកបញ្ចេញសញ្ញាស្ថិរភាពតាមរយៈតួលេខនេះ។
វេបសាយនៃប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយដំណឹងឱ្យដឹងថា ប្រទេសចិនបានកំណត់គោលដៅកំណើនចំនួនប្រហែល៥ភាគរយប្រកបដោយឆន្ទៈយ៉ាងមុតមាំ ។ ប្រឈមនឹងផលប៉ះពាល់ដែលបណ្តាលមកពីអាមេរិកដំឡើងពន្ធគយជាបន្តបន្ទាប់ ប្រទេសចិនបានបង្ហាញពីជំនឿចិត្តលើខ្លួនឯងយ៉ាងអង់អាចក្លាហាន។
ក្នុងរបាយការងាររដ្ឋាភិបាលរបស់ប្រទេសចិនឆ្នាំនេះ បានកំណត់គោលដៅប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចចិន ចំនួនប្រហែល៥ភាគរយ តួលេខនេះបានឈរលើសភាពបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយ ដែលបានបំពេញបន្ថែមភាពនឹងនរក្នុងអង្គភាពទីផ្សារ។ តើជំនឿចិត្តខាងការអភិវឌ្ឍរបស់ចិនបានមកពីណា?
ទីមួយ គឺសមទិ្ធផលនៃការច្នៃប្រឌិតថ្មី ប្រទេសចិនបានឈានមុខគេលើវិស័យវិទ្យាសាស្ត្របច្ចេកទេសទំនើបជាច្រើន ព្រមទាំងបានលើកឡើងថា នឹងបង្កើតយន្តការបន្ថែមការបណ្តាក់ទុនក្នុងឧស្សាហកម្មអនាគត ពូនជ្រំឧស្សាហកម្មអនាគត ដូចជាការផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាង(Embodied Intelligence) និង 6G ជាដើម។
ទីពីរ គឺសមទិ្ធផលនៃទីផ្សារ ប្រទេសចិនគឺជាទីផ្សារតែមួយដ៏ធំបំផុតរបស់ពិភពលោក ដែលបានផ្តល់វេទិកាសាកល្បងធំក្រៃលែងសម្រាប់លទ្ធផល នៃការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្របច្ចេកទេសទាំងអស់ អាចជំរុញឱ្យលទ្ធផលទាំងនេះ ប្រើប្រាស់បានកាន់តែឆាប់រហ័ស និងកាន់តែជាក់ស្តែងក្នុងផលិតកម្មនិងជីវភាពរស់នៅ។
ទីបី គឺសមទិ្ធផលនៃគោលនយោបាយ ឆ្នាំនេះ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ចិន បានផ្តល់ការគាំទ្រកាន់តែខ្លាំងឡើងយ៉ាងច្បាស់លាស់ ដែលសំដៅចំពោះបញ្ហាគន្លឹះនៃសេដ្ឋកិច្ចជាតិគ្រប់ផ្នែក ដូចជាការផលិត ការបែងចែក ការផ្លាស់ប្តូរនិងការប្រើប្រាស់ជាដើម ។ ដូច្នេះ ការកំណត់គោលដៅកំណើនចំនួន៥ភាគរយ គឺមានភាពចាំបាច់ណាស់ ហើយក៏មានលក្ខខណ្ឌអាចសម្រេចបានដែរ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រឹះស្ថានបរទេសជាច្រើនបាននាំគ្នាបង្ហាញអាកប្បកិរិយា មានសុទិដ្ឋិនិយមចំពោះមូលធនរបស់ចិន ហើយប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ ទីផ្សារចិននឹងមានភាពកាន់តែខ្លាំងឡើង ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ «ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ថ្មីបំផុត ដែលបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។ របាយការណ៍អង្គការសហប្រជាជាតិព្យាករណ៍ថា ប្រទេសចិននឹងផ្តល់ជំនួយដល់ការអភិវឌ្ឍនៃតំបន់អាស៊ីបូព៌ាជាបន្តទៀត។
ក្នុងបរិបទដែលការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលមានភាពអន់ថយ និងប្រឈមនឹងការសាកល្បង និងហានិភ័យគ្រប់បែបយ៉ាង គោលដៅកំណើនសេដ្ឋកិច្ចរបស់ចិនបានបញ្ចេញជំនឿចិត្តខាងការអភិវឌ្ឍ សហគមន៍អន្តរជាតិរំពឹងទុកក្តាប់ជាប់ឱកាសថ្មី និងអាចទទួលបានវិបុលភាពរួម តាមរយៈសកម្មភាពជាក់ស្តែងរបស់ប្រទេសចិន លើវិស័យការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ហើយនឹងទទួលបានវិវឌ្ឍរីកចម្រើននិងគំនិតអភិវឌ្ឍថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន