(អូតាវ៉ា)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា បានបង្ហាញថា លោក Mark Carney គឺជាអ្នកឈ្នះក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំថ្មី នៃគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា ហើយនឹងត្រូវជំនួសលោក Justin Trudeau ជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Carney អាយុ៥៩ឆ្នាំ ទទួលបានសំឡេងគាំទ្រ៨៦ភាគរយ ឈ្នះលើអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ក្នុងការប្រកួតប្រជែងមួយ ដែលសមាជិកជិត១៥២ ០០០នាក់ របស់គណបក្ស Liberal បានចូលរួមបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនេះ កើតមានឡើង បន្ទាប់ពីលោក Trudeau បានប្រកាសកាលពីខែមករាថា រូបលោកនឹងចុះចេញពីតំណែង ក្រោយកាន់អំណាចជាង៩ឆ្នាំ ស្របពេលដែល អត្រាប្រជាប្រិយភាពបានធ្លាក់ចុះជាលំដាប់។
វាគឺជាលើកដំបូងហើយ ដែលបុគ្គលមិនមានបទពិសោធនយោបាយពិតប្រាកដ បានក្លាយជានាយករដ្ឋមន្រ្តីកាណាដា។ លោក Carney ផ្ទាល់ បាននិយាយថា បទពិសោធរបស់លោកក្នុងការធ្លាប់ធ្វើជាប្រធានធនាគារកណ្តាល របស់ប្រទេស G7 ចំនួន២ គឺកាណាដា និងអង់គ្លេស មានន័យថា រូបលោកគឺជាបេក្ខជនល្អជាងគេ ដើម្បីទប់ទល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងកាណាដា។
* តើលោក Mark Carney ជានរណា?
ចាប់កំណើតនៅក្នុងដែនដីភាគពាយព្យ (Northwest Territories) នៃប្រទេសកាណាដា និងធំដឹងក្ដីនៅក្នុងខេត្ត Alberta ស្ថិតភាគខាងលិចនៃប្រទេស លោក Mark Carney បានចាត់ទុកខ្លួនឯងជាអ្នកនយោបាយមិន ប្រកាន់គណបក្សម្នាក់ដែលអាចដឹកនាំកាណាដាឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងស្ថានភាពមិនច្បាស់លាស់។ កាណាដាកំពុងប្រឈមមុខនឹងបញ្ហា ដោយសារតែការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចូលជាធរមានកាលពីថ្ងៃទី៤ ខែមីនា។
លោក Carney បានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard និង Oxford។ លោកបានចំណាយពេលជាងមួយទសវត្សរ៍បម្រើការឱ្យធនាគារ Goldman Sachs។ លោក Carney មានអាយុ៥៩ឆ្នាំ ក៏ធ្លាប់កាន់ តំណែងជាប្រធានគ្រប់គ្រងទ្រព្យសម្បត្តិនៃក្រុមហ៊ុន Brookfield និងកាន់តំណែងជាប្រធាន ឬអភិបាលធនាគារកណ្ដាលកាណាដា (Bank of Canada) អំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ លោកបាន ចាកចេញពីកាណាដា ដើម្បីទៅកាន់តំណែងគ្រប់គ្រងធនាគារកណ្ដាលអង់គ្លេស (Bank of England) រហូតដល់ឆ្នាំ២០២០ ជាឆ្នំាដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ លោក Carney គឺជាមនុស្ស ដំបូងម្នាក់មិនមែនជាជនជាតិអង់គ្លេសដែលបានកាន់តំណែងជាអភិបាលធនាគារ Bank of England ក្នុងរយៈពេលជាង៣០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ធនាគារមួយនេះ។ ក្រោយមកទៀត នៅឆ្នាំ២០២០ លោកបានក្លាយជា បេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិសម្រាប់សកម្មភាពអាកាសធាតុ និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ខណៈមនុស្សជាច្រើនទទួលស្គាល់ពីសមត្ថភាពខាងសេដ្ឋកិច្ចរបស់លោក លោក Carney ផ្ទាល់មិនសូវមានបទពិសោធន៍នយោបាយនោះទេ។ លោក Carney ធ្លាប់កាន់តំណែងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ ប៉ុន្តែ លោក Carney មិនដែលធ្លាប់ឈរឈ្មោះប្រកួតប្រជែងយកតំណែងណាមួយក្នុងជួរនយោបាយពីមុនមកនោះទេ៕