Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនប្តេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចការបង្រួបបង្រួមគ្នាដោយសន្តិភាពជាមួយតៃវ៉ាន់ បន្ទាប់ពីប្រកាសថា ដែនកោះនេះ គ្មានថ្ងៃក្លាយជាប្រទេសមួយឡើយ (Video inside)

10-03-2025 15:41

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី១០ ខែមីនា ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចឱ្យបានការបង្រួបបង្រួមគ្នាដោយសន្តិភាព ជាមួយតៃវ៉ាន់ ក្រោយរដ្ឋមន្រ្តីការបរទេសចិន បានប្រកាសកាលពីសប្តាហ៍មុនថា ដែនកោះនេះ នឹងគ្មានថ្ងៃអាចក្លាយជាប្រទេសមួយ ដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការលើកឡើងរបស់ក្រសួងការបរទេសចិន គឺបន្ទាប់ពីប្រមុខការទូតចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា នៅអង្គការសហប្រជាជាតិ (UN) តៃវ៉ាន់ត្រូវបានទទួលស្គាល់ត្រឹមជា «ខេត្តមួយរបស់ប្រទេសចិន»។ លោក Wang បានបន្តថា តៃវ៉ាន់មិនដែលជាប្រទេសមួយឡើយ ហើយក៏នឹងមិនមានថ្ងៃអាចក្លាយជាប្រទេសមួយដែរ។ ចិនចាត់ទុកតៃវ៉ាន់ជា ផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ទោះបីជា​មានការជំទាស់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយ។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងប៉េកាំង បានបន្តបង្កើនសម្ពាធជាខ្លាំង ជាពិសេសផ្នែកយោធា​លើកោះតៃវ៉ាន់ រួមមានទាំងការធ្វើសមយុទ្ធ។

គួរបញ្ជាក់ថា ទោះបីចិនប្តេជ្ញាចំពោះគោលដៅ នៃការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយសន្តិភាពក៏ដោយ ចិនមិនដែលបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នោះឡើយ ប្រសិនបើចាំបាច់។ នៅលើពិភពលោក មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់និងមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ខណៈប្រទេសភាគច្រើនផ្សេងទៀត សម្រេចជ្រើសរើសយក​ទំនាក់ទំនងផ្លូវការជាមួយចិន ហើយគោរពតាមគោលការណ៍ចិនតែមួយ៕