(ហុងកុង)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។

លោក Duterte បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភារបស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។

ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជាខ្ញុំធ្វើវា? តើសម្រាប់ខ្លួនខ្ញុំផ្ទាល់? សម្រាប់គ្រួសារខ្ញុំឬ? គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ។ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដោយសុខសាន្ត សម្រាប់ប្រជាជនហ្វីលីពីន»

ការិយាល័យរបស់លោក Ferdinand Marcos Jr ដែលជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បានច្រានចោលការសង្ស័យថា លោក Duterte អាចនឹងគេចវេះពីច្បាប់ តាមរយៈការធ្វើទស្សនកិច្ចមកកាន់ទីក្រុងហុងកុងរបស់ចិន ដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញារបស់​តុលាការ ICC។ ភ្លាមៗនេះ វាមិនច្បាស់នោះទេថា តើលោក Duterte នឹងបន្តស្ថិតនៅហុងកុងដល់ពេលណា។

គួរបញ្ជាក់ថា សង្រ្គាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយដ៏សំខាន់បំផុត ដែលបានជួយឱ្យលោក Duterte ឡើង​កាន់អំណាចជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦។ លោក Duterte បានដកហ្វីលីពីនដោយឯកតោភាគី ចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ២០១៩ នៅពេលដែលតុលាការអន្តរជាតិនេះ ចាប់ផ្តើមពិនិត្យមើលជាលើកដំបូងលើ​ការចោទប្រកាន់ អំពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្រៅច្បាប់ អំឡុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក៕