(បរទេស)៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍មកថា អាជ្ញាធរក្នុងតំបន់ចំនួនពីររបស់រុស្ស៊ីរួមមាន Dagestan និង Chechnya បានបិទការចូលប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា កម្មវិធីនេះអាចត្រូវបានប្រើដោយ «សត្រូវ» ដើម្បីចូលរួមក្នុងសកម្មភាព «សកម្មប្រយុទ្ធ»​ ជាពិសេសនៅក្នុងតំបន់ដែលមានសកម្មភាពសកម្មប្រយុទ្ធអ៊ីស្លាមនិយមកើនឡើង។ ខណៈតំបន់ Dagestan និង Chechnya ត្រូវបានគេដឹងថា ជាតំបន់មូស្លីមដ៏ធំនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយក៏ជាតំបន់មួយដែលក្រុមស៊ើបការសម្ងាត់របស់រដ្ឋភិបាល​រកឃើញថាថា ជាតំបន់ដែលមានសកម្មប្រយុទ្ធអ៊ីស្លាមនិយមមានសកម្មភាពច្រើនជាងគេ។

ទន្ទឹមនឹងនេះ លោក Yuri Gamzatov មន្ត្រីជាន់ខ្ពស់មកពី Dagestan បាននិយាយថា កម្មវិធី​ Telegram ជារឿយៗត្រូវបានប្រើប្រាស់ដោយ «សត្រូវ» ក្នុងការធ្វើជាឧទាហរណ៍នៃកុប្បកម្ម ជាក់ស្ដែងដូចជាការធ្វើកុប្បកម្មនៅអាកាសយានដ្ឋាន Makhachkala។​

លោក Gamzatov បានគូសបញ្ជាក់បន្ថែមទៀតថា Telegram អាចត្រូវបានបិទនៅពេលអនាគត ហើយលោកក៏បានលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យប្តូរទៅប្រើប្រាស់កម្មវិធីផ្ញើសារផ្សេង ខណៈលោក Durov មេធំ Telegram បច្ចុប្បន្ននេះកំពុងស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការ នៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើសកម្មភាពឧក្រិដ្ឋកម្មដែលបានរៀបចំនៅលើ Telegram៕