(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ នៅថ្ងៃចន្ទនេះ ពោលគឺក្នុងថ្ងៃតែមួយ ដែលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធាធំប្រចាំឆ្នាំ ហៅថា Freedom Shield។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។
សេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «នាវេលាម៉ោង១៖៥០នាទីរសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) យោធារបស់យើងបានប្រទះឃើញ សញ្ញានៃការបាញ់មីស៉ីលបាលិស្ទីគមិនទាន់អាចកំណត់ប្រភេទប៉ុន្មានគ្រាប់ ចេញមកពីខេត្ត Hwanghae របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងលិច (សមុទ្រលឿង)»។
គួរបញ្ជាក់ថា មុនការបាញ់មីស៉ីលខាងលើ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទើបតែបានរិះគន់សមយុទ្ធ Freedom Shield ដែលចាប់ផ្តើម នៅថ្ងៃចន្ទនេះ ដោយនិយាយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន នៅឧបទ្វីបកូរ៉េ។ សមយុទ្ធយោធានោះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមីនា ខណៈបើតាមការអះអាងកន្លងមករបស់យោធាកូរ៉េខាងត្បូង វាមានគោលដៅពង្រឹងសមត្ថភាពត្រៀមលក្ខណៈរួមគ្នាជាមួយអាមេរិក ដើម្បីទប់ទល់ការគំរាមកំហែងផ្សេងៗ ដូចជាកូរ៉េខាងជើង ជាដើម៕