(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី១០ ខែមីនា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បានបញ្ជាដល់អាជ្ញាធរឱ្យធ្វើការយ៉ាងសកម្ម ជាមួយរដ្ឋបាលអាមេរិក ដើម្បីដោះស្រាយការយល់ច្រឡំណាមួយជុំវិញពន្ធគយ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ កំណត់ថាកូរ៉េខាងត្បូងនឹងជាប្រទេស ដែលត្រូវយកពន្ធខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ដែលបានប្រាប់ក្រុមការងារផ្នែកសេដ្ឋកិច្ចរបស់លោក ឱ្យរៀបចំផែនការឆ្លើយតបនឹងការយកពន្ធ នាដើមខែមេសា បាននិយាយកាលពីសប្តាហ៍មុនថា ពន្ធជាមធ្យមរបស់កូរ៉េខាងត្បូងគឺខ្ពស់ជាងសហរដ្ឋអាមេរិក ៤ដង ទោះបីជាមានការជួយផ្នែកយោធា និងជំនួយផ្សេងទៀតពីទីក្រុងវ៉ាស៉ីនតោនដល់សម្ព័ន្ធមិត្តអាស៉ីមួយនេះក៏ដោយ។ តាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានចេញបញ្ជាឱ្យមានការពន្យល់ថែមទៀតដល់ភាគីអាមេរិក ហើយថារដ្ឋាភិបាលក៏នឹងពិនិត្យលើវិធានការមិនមែនពន្ធផងដែរ ដែលលោក ត្រាំ ថានឹងមាននៅក្នុងពិចារណាលើការដាក់ពន្ធត្រលប់ទៅវិញរបស់លោក។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង មានអត្រាពន្ធខ្ពស់បំផុតទីពីរក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលៗ ទាំង ១៥របស់សហរដ្ឋអាមេរិក បន្ទាប់ពីឥណ្ឌា ប៉ុន្តែសម្រាប់ការនាំចូលមកអាមេរិកវិញ ពន្ធគយស្ទើរតែទាំងអស់ត្រូវបានលុបចោល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-កូរ៉េខាងត្បូង ដែលចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ ២០០៧ និងបានកែសម្រួលនៅឆ្នាំ ២០១៨ អំឡុងពេលនៃអាណត្តិទីមួយរបស់លោក ត្រាំ៕