(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញការងារចាំបាច់បន្ទាន់ទាំងអស់ ចាកចេញពីប្រទេសស៊ូដង់ខាងត្បូង ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសបានឲ្យដឹងថា ជម្លោះប្រដាប់អាវុធនៅតែបន្តកើតមាននៅក្នុងប្រទេសស៊ូដង់ខាងត្បូង រួមមានការប្រយុទ្ធគ្នារវាងក្រុមនយោបាយ និងក្រុមជនជាតិផ្សេងៗ។ អាវុធមានយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជន។
សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសៅរ៍ថា ការកើនឡើងនៃអំពើហិង្សា និងភាពជាប់គាំងផ្នែកនយោបាយនៅស៊ូដង់ខាងត្បូង កំពុងគំរាមកំហែងដល់ដំណើរការសន្តិភាពដែលមានស្រាប់។
កាលពីដើមខែនេះ កងកម្លាំងសន្តិសុខដែលស្មោះត្រង់នឹងប្រធានាធិបតី Salva Kiir បានចាប់ខ្លួនរដ្ឋមន្ត្រីពីររូប និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ដែលមានទំនាក់ទំនងជាមួយលោក Riek Machar។ ការចាប់ខ្លួននេះបានបង្កើនក្តីបារម្ភអំពីអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៥ ឆ្នាំរវាងកងកម្លាំងរបស់លោក Kiir និងលោក Machar ដែលបានសម្លាប់មនុស្សជិត ៤០០,០០០ នាក់។
ក្រសួងការបរទេសបានបន្ថែមថា ឧក្រិដ្ឋកម្មហិង្សាដូចជា ការលួចរថយន្ត ការបាញ់ប្រហារ ការវាយឆ្មក់ ការវាយដំ ការប្លន់ និងការចាប់ជំរិត គឺជារឿងធម្មតានៅទូទាំងប្រទេសស៊ូដង់ខាងត្បូង រួមទាំងរដ្ឋធានីជូបាផងដែរ។ តំបន់នេះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិកដែលស្ថិតក្រោមបម្រាមគោចរយ៉ាងតឹងរ៉ឹង និងត្រូវប្រើប្រាស់រថពាសដែកស្ទើរតែគ្រប់ពេលធ្វើដំណើរ៕