(ដាម៉ាស)៖ មេដឹកនាំស៊ីរី លោក Ahmed Sharaa នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យមានការរួបរួមជាតិ និងរក្សាសន្តិភាព ចំពេលមានអំពើហិង្សាដ៏សាហាវបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំនៃជម្លោះស៊ីរី។ នេះបើតាមយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងវីដេអូដែលបានថតនៅវិហារឥស្លាមមួយ ក្នុងទីក្រុងដាម៉ាស ប្រធានាធិបតីបណ្ដោះអាសន្នស៊ីរី លោក Sharaa បានអំពាវនាវឲ្យមានការរួបរួមជាតិ និងរក្សាសន្តិភាពក្នុងសង្គម ដោយសង្កត់ធ្ងន់ថា ប្រជាជនស៊ីរីអាចរស់នៅជាមួយគ្នាបាន ព្រមទាំងបានអះអាងថា ស្ថានភាពបច្ចុប្បន្ននេះ គឺជាអ្វីដែលបានព្យារណ៍ទុកមុនស្រាប់ទៅហើយ។
គួរបញ្ជាក់ អំពើហិង្សានេះបានឆក់យកជីវិតមនុស្សរាប់រយនាក់ ហើយជាការប្រឈមមុខដាក់គ្នារវាងអ្នកស្មោះត្រង់ នឹងអតីតប្រធានាធិបតី Bashar al-Assad ដែលត្រូវបានទម្លាក់ចេញពីតំណែង និងកងកម្លាំងដែលគាំទ្រមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេស។
ការប៉ះទង្គិចគ្នាដែលបានអូសបន្លាយអស់រយៈពេល ៤ ថ្ងៃមកហើយនៅតំបន់ឆ្នេរសមុទ្រដែលជាមូលដ្ឋានសំខាន់របស់លោក Assad បានសម្លាប់មនុស្សជាង ១,០០០ នាក់ហើយ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើតាមរបាយការណ៍របស់ក្រុមឃ្លាំមើលសង្គ្រាម។
ប្រភពសន្តិសុខស៊ីរីបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលកំពុងបន្តប្រតិបត្តិការតាមប្រមាញ់ក្រុមឧទ្ទាមគាំទ្រលោក Assad ប្រមាណ ៥,០០០ នាក់ដែលកំពុងលាក់ខ្លួននៅតំបន់ភ្នំ បើទោះបីជាស្ថានការណ៍ប្រយុទ្ធបានធូរស្រាលខ្លះនៅជុំវិញទីក្រុង Latakia, Jabla, និង Baniyas ក៏ដោយ៕