(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu បានប្រកាសថា បារាំងនឹងប្រើប្រាស់ការប្រាក់ដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីផ្តល់មូលនិធិបន្ថែមចំនួន ១៩៥ លានអឺរ៉ូ (២១១ លានដុល្លារ) សម្រាប់ជាជំនួយផ្នែកសព្វាវុធដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
លោក Lecornu បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយថា ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់ទិញគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ និងគ្រាប់បែករអិលសម្រាប់យន្តហោះចម្បាំង Mirage 2000 ដែលបារាំងបានផ្តល់ឲ្យអ៊ុយក្រែន។ បន្ថែមពីលើនេះ បារាំងក៏មានគម្រោងប្រគល់រថពាសដែកចាស់ៗមួយចំនួនរបស់ខ្លួន ដូចជា AMX-10RC និងរថពាសដែកដឹកទ័ពទៅឲ្យអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រទេសមហាអំណាចទាំងប្រាំពីរ (G7) បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ក្នុងការផ្តល់ប្រាក់កម្ចីទ្វេភាគីជាបន្តបន្ទាប់ ដល់អ៊ុយក្រែនដែលមានទំហំទឹកប្រាក់សរុបចំនួន ៥០ ពាន់លានដុល្លារ។ ប្រាក់កម្ចីទាំងនេះនឹងត្រូវសងវិញដោយប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី ដែលត្រូវបានបង្កកដែលមានតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ៕