(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រទេសរបស់ លោកអាចនឹងធ្វើសមយុទ្ធយោធាជើងទឹកជាមួយនិងជប៉ុន ប៉ុន្តែទន្ទឹមគ្នានោះដែរលោកនៅតែអះអាងឡើង វិញថាហ្វីលីពីននឹងមិនធ្វើសមយុទ្ធយោធារួមគ្នាឡើយ ជាមួយសហរដ្ឋអាមេរិកព្រមទំាងសម្ដែងការខឹងសម្បារ ប្រឆំាងនឹងសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ ដោយនិយាយចំៗថា «ហ្វីលីពីនមែនជាឆ្កែដែលឱ្យគេដឹកក្បាល តាមចិត្តនោះទេ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅជប៉ុន លោក ឌូធើតេ បានលើក ឡើងដូច្នេះថា «ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយជប៉ុននៅក្នុងលក្ខខណ្ឌធម្មតាមិនមែនជាបញ្ហាទេ ប៉ុន្តែ ជាមួយសហរដ្ឋអាមេរិកទើបជាបញ្ហា ហើយសមយុទ្ធយោធានេះទៀតសោតនឹងក្លាយជាលើកចុងក្រោយ»។ ប្រធានាធិបតីហ្វីលីពីនមាត់ឆៅរូបនេះបានបន្តទៀតថា នៅក្នុងជំនួបកាលពីថ្ងៃពុធលោកបានពន្យល់នាយក រដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ពីមូលហេតុដែលលោកខឹងសហរដ្ឋអាមេរិក នោះបើតាមរូបលោកផ្ទាល់ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកហ្វីលីពីនដូចជា «ជាឆ្កែដែលគេអាចដឹកក្បាលបានតាមចិត្ត» និងថែមទំាងហ៊ាន បង្រៀនពីសិទ្ធិមនុស្សជុំវិញសង្រ្គាមប្រយុទ្ធប្រឆំាងគ្រឿងញៀនរបស់លោកទៀត។
គួររំលឹកថាកាលពីថ្ងៃពុធ លោក ឌូធើតេ បានប្រកាសថាលោកចង់ឱ្យកងទ័ពបរទេសចេញពីប្រទេសរបស់ លោកយ៉ាងយូរពីរឆ្នាំក្រោយ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ គំរោងងចូលគាល់ព្រះចៅអធិរាជជប៉ុន Akihito ត្រូវបានលុបចោលបន្ទាប់ពីការចូលទិវង្គតក្នុងព្រះជន្ម១០០ ព្រះវស្សានៃព្រះអង្គម្ចាស់Mikasa ដែលជាព្រះបិតុលានៃព្រះចៅអធិរាជ Akihito៕