(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអាទិត្យ ទី៩ ខែមីនាថាប្រទេសរបស់លោកនឹងពិចារណាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាបច្ចុប្បន្នវាដូចជាលឿនពេកសម្រាប់ការដាក់ពង្រាយកងកម្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មេដឹកនាំអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា បានជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបានចូលរួមជាមួយបារាំង ក្នុងកិច្ចប្រឹងប្រឹងដើម្បីស្វែងរកការគំាទ្រ សម្រាប់ក្រុមចម្រុះឆន្ទៈមួយ ដែលត្រូវបានបង្កើតឡើងដើម្បីការពារបទឈប់បាញ់ណាមួយក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Albanese បានបញ្ជាក់ថា «ប្រទេសរបស់ពួកយើងទាំង២ មានជំហរច្បាស់លាស់ចំពោះការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន តែវាដូចជាលឿនពេកហើយ។ អ្នកមិនអាចមានកងកម្លាំងរក្សាសន្តិភាពដោយមិនទាន់មាន សន្តិភាពនោះទេ»។ លោកបន្ថែមថាអូស្ត្រាលីនឹងពិចារណាលើការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមលោក Albanese អូស្ត្រាលី នឹងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ម្នាក់ទៅចូលរួមកិច្ចប្រជុំនៃបណ្ដាប្រមុខការពារជាតិ ក្នុងទីក្រុងប៉ារីស នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីពិភាក្សា ពីអនាគតនៃការគាំទ្រសម្រាប់អ៊ុយក្រែន។ បណ្ដាប្រទេសអឺរ៉ុបកំពុងប្រញាប់ប្រញាល់ផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចចរចា ដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ឆ្នាំមកនេះ។ បណ្ដាប្រទេសអឺរ៉ុបជាច្រើនក៏បាននិយាយថាដែរថាពួកគេមានបំណង ដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន ជាធានាសន្តិសុខមួយ៕