(គែរ)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា បានបង្ហាញសញ្ញាថាពួកគេបានត្រៀមលក្ខណៈជាស្រេចសម្រាប់កិច្ចចរចាអំពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ខណៈ ក្រុមអ្នកសម្របសម្រួលកំពុងជំរុញកិច្ចចរចាដើម្បីពន្យារបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល៤២ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីខែមករាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ក្រុមហាម៉ាសបាននិយាយថាមានសញ្ញាបញ្ជាក់ពីភាពវិជ្ជមានសម្រាប់ការចាប់ផ្ដើមកិច្ចចរចាលើបទឈប់បាញ់ដំណាក់កាលទី២ ប៉ុន្តែមិនបានបញ្ជាក់អ្វីទេ។ រីឯ អ៉ីស្រាអែលវិញបានឱ្យដឹងថា នឹងបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងដូហា នៃប្រទេសកាតានៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីជំរុញកិច្ចចរចា ក្រោយទទួលបានការអញ្ជើញពីក្រុមអ្នកសម្របសម្រួល។

ប្រតិភូរបស់ក្រុមហាម៉ាសបាន និងកំពុងចូលរួមកិច្ចចរចាបទឈប់បាញ់ក្នុងទីក្រុងគែរ ជាមួយអេហ្ស៉ីបដែលបានជួយសម្របសម្រួលកិច្ចចរចាដោយសហការជាមួយក្រុមមន្ត្រីកាតា ក្នុង គោលបំណងដំណើរការដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដែលនឹងបើកផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។ «យើងសូមបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរបស់ពួកយើងដើម្បី ចូលរួមក្នុងកិច្ចចរចាដំណាក់កាលទី២ តាមមធ្យោបាយមួយដែលបំពេញតម្រូវការនៃប្រជាជនរបស់យើង ហើយយើងអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ជំនួយដល់តំបន់ហ្កាហ្សា និងលុបចោលការបិទខ្ទប់លើប្រជាជនរបស់យើងដែលកំពុងរងការឈឺចាប់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យហាម៉ាស លោក Abdel-Latif Al-Qanoua ក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលបានទទួលយកលិខិតអញ្ជើញពីក្រុមអ្នកសម្របសម្រួលគាំទ្រដោយ សហរដ្ឋអាមេរិក ហើយនឹងបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងដូហា នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ក្រោមកិច្ចប្រឹងប្រែងជំរុញកិច្ចចរចា។ ប៉ុន្តែ ខណៈដំណើរការការទូតកំពុងបន្តធ្វើឡើង ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ ក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ម្សិលមិញ៕