(Reuters)៖ អង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរី បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី៨ ខែមីនាថាមនុស្សយ៉ាងហោច ១០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា រយៈពេល ២ថ្ងៃមកនេះ និងការសងសឹកគ្នារវាងកងកម្លាំងសន្តិសុខនៃរបបដឹកនាំស៊ីរីថ្មី ជាមួយក្រុមអ្នកប្រយុទ្ធស្ម័គ្រស្មោះនឹងអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) ក្នុងចំណោមអ្នកស្លាប់ រួមមានជនស៊ីវិល ៧៤៥នាក់ សមាជិកកងកម្លាំងសន្តិសុខស៊ីរី ១២៥នាក់ និងអ្នកប្រយុទ្ធស្មោះស្ម័គ្រនឹងលោក Assad ១៤៨នាក់។ ប៉ុន្តែ Reuters មិនទាន់ឯកផ្ទៀងផ្ទាត់តួលេខអ្នកស្លាប់ដោយឯករាជ្យបាននៅឡើយទេ។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdulrahman បាននិយាយថាការវាយប្រយុទ្ធគ្នាបានកើតឡើងក្នុងតំបន់ Jableh Baniyas និងទីតាំងស្ថិតនៅជុំវិញតំបន់ Alawite ហើយជនរងគ្រោះរួមមានទាំងស្ត្រី និងកុមារមកពីសហគមន៍ជនជាតិភាគតិច Alawite ផងដែរ។
គួរបញ្ជាក់ថា អាជ្ញាធរនៃរបបដឹកនាំស៊ីរីថ្មី បានបើកប្រតិបត្តិការបង្រ្កាបនូវអ្វីដែលពួកគេហៅថាជាសកម្មភាពបះបោរ បន្ទាប់ពីកងកម្លាំងរបស់ខ្លួនរងការវាយប្រហារពីសំណាក់ ក្រុមអ្នកប្រយុទ្ធដែលមានភក្ដីភាពជាមួយអតីតប្រធានាធិបតីស៊ីរី លោក Assad កាលពីពេលថ្មីៗនេះ៕