(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា កងទ័ពរបស់ខ្លួនបានដណ្តើមយកភូមិ Viktorovka, Nikolaevka និង Staraya Sorochina នៅតំបន់ Kursk ភាគខាងលិចនៃប្រទេស ពីកងកម្លាំងអ៊ុយក្រែនមកវិញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពរុស្ស៉ីបាននិងកំពុងប្រយុទ្ធដើម្បីបណ្តេញកងទ័ពអ៊ុយក្រែនចេញពីទីក្រុងនៃតំបន់ Kursk ចាប់តាំងពីខែសីហាឆ្នាំមុន នៅពេលដែលកងកម្លាំងទីក្រុងកៀវ បេីកការលុកលុយឆ្លងព្រំដែន និងដណ្តើមកាន់កាប់ទឹកដីរុស្ស៉ីបានមួយផ្នែក។
តាមកម្មវិធីផែនទី បានបង្ហាញក្នុងសប្តាហ៍នេះថា ទីតាំងរបស់អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនខ្លាំងនៅក្នុងទីក្រុង Kursk ជាកន្លែងដែលកងទ័ពរបស់ខ្លួនជិតត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៉ី។
អ្នកសរសេរប្លុកសង្គ្រាមគាំទ្ររុស្ស៉ី បានឱ្យដឹងថា កងទ័ពរុស្ស៉ីចាប់ផ្តើមវាយលុកលើទីក្រុង Sudzha ដែលជាទីក្រុងសំខាន់មួយចម្ងាយប្រហែល ៩គីឡូម៉ែត្រពីព្រំដែន ហើយថាស្ថានភាពកងទ័ពអ៊ុយក្រែននៅ Kursk គឺជិតដល់កម្រិតធ្ងន់ធ្ងរ។
Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែន៕