(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អាល្លឺម៉ង់ អ៉ីតាលី និងអង់គ្លេស បាននិយាយនៅថ្ងៃសៅរ៍នេះថា ពួកគេគាំទ្រផែនការកសាងតំបន់ហ្កាហ្សាឡេីងវិញរបស់អារ៉ាប់ ដែលត្រូវចំណាយថវិកា ៥៣ពាន់លានដុល្លារ និងមិនចាំបាច់ជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់នោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ ២០២៥។
ផែនការរបស់អេហ្ស៉ីប គិតគូរពីការបង្កើតគណៈកម្មាធិការរដ្ឋបាលនៃអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យ និងវិជ្ជាជីវៈ ឱ្យមកគ្រប់គ្របតំបន់ហ្កាហ្សា បន្ទាប់ពីបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។
រដ្ឋមន្ត្រីនៃប្រទេសទាំង ៤ បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ថា ផែនការនេះបង្ហាញពីផ្លូវជាក់ស្តែងមួយ ឆ្ពោះទៅរកការកសាងតំបន់ហ្កាហ្សា ជាមួយនិងការសន្យាអនុវត្តការងារកែលម្អឱ្យបានឆាប់ និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន។
រដ្ឋមន្រ្តីការបរទេសទាំង ៤ ក៏បានប្តេជ្ញាធ្វើការជាមួយគំនិតផ្តួចផ្តើមរបស់អារ៉ាប់ ហើយថាក្រុមហាម៉ាស់ មិនត្រូវគ្រប់គ្រងតំបន់ហ្កាហ្សា ឬគំរាមកំហែងដល់អ៉ីស្រាអែលទៀតទេ។ ប្រទេសទាំង ៤ នឹងឈរនៅកណ្តាលសម្រាប់អាជ្ញាធរប៉ាឡេស្ទីន និងការអនុវត្តរបៀបវារៈកំណែទម្រង់។
គួរបញ្ជាក់ថា ផែនការដែលរៀបរាងឡើងដោយអេហ្ស៉ីប និងអនុម័តដោយមេដឹកនាំអារ៉ាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះត្រូវបានច្រានចោលដោយអ៉ីស្រាអែល និងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនក្នុងការប្រែក្លាយតំបន់ហ្កាហ្សា ទៅជាទីក្រុងឆ្នេរសមុទ្រមួយនៃមជ្ឈិមបូព៌ា៕