(បាកដាដ)៖ អគ្គមេបញ្ជាការទ័ពអាមេរិកមួយរូបត្រូវបានសារព័ត៌មានដកស្រង់សម្តីថា កងកម្លាំងក្រុមISIS ចន្លោះពី ៨០០-៩០០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពអ៊ីរ៉ាក់ ដែលស្ថិតនៅក្នុងប្រតិបត្តិការ ក្រសោបយកទីក្រុងMosul ពីក្រុមភេរវករអន្តរជាតិនេះមកវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ Joseph Votel ដែលជាអ្នកដឹកនាំទីបញ្ជាការកណ្តាលនៃយោធាអាមេរិក បានថ្លែងបញ្ជាក់ យ៉ាងដូច្នេះថា «គ្រាន់តែប្រតិបត្តិការប្រយុទ្ធនារយៈពេលមួយសប្តាហ៍កន្លងមកនេះប៉ុណ្ណោះ នៅតំបន់នានាជិត ពាក់កណ្តាលនៃទំហំរបស់ទីក្រុង Mosul យើងអាចសរុបបានថា កងកម្លាំងប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ប្រមាណពី ៨០០-៩០០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពអ៊ីរ៉ាក់»។
គួរបញ្ជាក់ថាលោក Joseph បានមកដល់ជាយទីក្រុងMosul កាលពីដើមសប្តាហ៍នេះដើម្បីពិនិត្យមើល ស្ថានភាពទូទៅនៃការត្រៀមប្រយុទ្ធចូលទៅដល់បេះដូងនៃទីក្រុង ដែលក្រុមISISបានយកធ្វើជាមូលដ្ឋានស្នូល ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ៕