(បែរឡាំង)៖​ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បានប្រាប់បទសម្ភាសន៍មួយថា ថវិកាការពារជាតិច្រេីនជាងមុន និងការបង្កើនការផលិតសម្ភារយោធា គឺជាតម្រូវការចាំបាច់ដើម្បីធានាសន្តិសុខអឺរ៉ុប។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៨​ ខែមីនា​ ឆ្នាំ​ ២០២៥។

លោក Rutte បានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ដូច្នេះថា «​យើងនឹងត្រូវការចំណាយថែមទៀតដើម្បីការពារយើងឱ្យមានសុវត្ថិភាព។ ប៉ុន្តែយើងក៏ត្រូវបង្កើនផលិតកម្មអាវុធឱ្យបានលឿននៅក្នុងចំណោមសមាជិកណាតូ​ផងដែរ»។​

សមាជិកអង្គការណាតូ​ មានប្រទេសអឺរ៉ុបភាគច្រើន និងសហរដ្ឋអាមេរិក រួមទាំងកាណាដាផងដែរ។ តាមលោក Rutte គ្រាប់រំសេវ នាវា​ រថក្រោះ យន្តហោះចម្បាំ​ង​ ផ្កាយរណប និងដ្រូន​ សុទ្ធតែជាសម្ភារយោធាដែលមានតម្រូវការ។

គួរបញ្ជាក់ថា​ បណ្តាប្រទេសនៅអឺរ៉ុបកំពុងប្រញាប់ប្រញាល់បង្កើនការចំណាយលើវិស័យការពារជាតិ និងរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិ​ក​ លោក​ ដូណាល់​ ត្រាំ ផ្អាកការផ្តល់ជំនួយយោធា និងចំពេលដែលមា​នការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៉ីនតោនចំពោះសម្ព័ន្ធមិត្តអឺរ៉ុប៕