(ម៉ានីល)៖ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា ចក្រភពអង់គ្លេស និងហ្វីលីពីន មានការប្តេជ្ញាចិត្តដូចគ្នាចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ហេីយឈររួមគ្នាគាំទ្រអ៊ុយក្រែន និងតស៊ូមតិសម្រាប់តំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ ២០២៥។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីហ្វីលីពីន លោក Lammy បញ្ជាក់ថា «ថ្ងៃនេះ យើងកំពុងរៀបចំផែនការថ្មី ចំពេលមានការប្រែប្រួលជាសកល ហើយយើងត្រូវតែពង្រឹងទំនាក់ទំនងជាមួយដៃគូ ដែលមានចិត្តគំនិតដូចគ្នា ដូចជាហ្វីលីពីន។ យើងជាប្រទេសប្រកាន់យកច្បាប់អន្តរជាតិ និងកាតព្វកិច្ចក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិយ៉ាងខ្ជាប់ខ្ជួន»។
ចំណែករដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បានគូសបញ្ជាក់នូវការអរគុណពីហ្វីលីពីនចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់តំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយបន្ថែមថា ប្រទេសទាំងពីរបានយល់ព្រមបន្តការចូលរួម និងការផ្លាស់ប្តូរការធ្វេីសមយុទ្ធយោធារួមគ្នា។
គួរបញ្ជាក់ថា ហ្វីលីពីន និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌរួមមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ សន្តិសុខក្នុងតំបន់ និងសកម្មភាពអាកាសធាតុ ដែលជាការត្រួសត្រាយផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅក្នុងការដោះស្រាយបញ្ហាប្រឈម៕