(សេអ៊ូល)៖ នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងវិញ ពោលគឺ៥២ថ្ងៃ ក្រោយរូបលោកត្រូវបានចាប់ខ្លួន ពីបទញុះញង់ឱ្យមានការបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap។
លោក Yoon ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំង Seoul Detention Center ក្នុងក្រុង Uiwang ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ១ថ្ងៃបន្ទាប់ពីតុលាការ Seoul Central District Court បានសម្រេចចិត្តយល់ព្រមចំពោះ សំណើលុបចោលដីកាចាប់ខ្លួនរូបលោក ហើយអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានទទួលយកការសម្រេចចិត្តរបស់តុលាការ ដោយមិនប្តឹងឧទ្ធរណ៍។
តុលាការបានបញ្ជាក់ថា ការសម្រេចចិត្តនេះផ្អែកលើកត្តាពេលវេលានៃការចោទប្រកាន់ ដែលកើតឡើង បន្ទាប់ពីរយៈពេលឃុំខ្លួនដំបូងបានផុតកំណត់។ ទោះជាយ៉ាងណា ការសម្រេចនេះមិនបានទម្លាក់ចោលបទចោទព្រហ្មទណ្ឌប្រឆាំងលោក Yoon នោះទេ។
គួរបញ្ជាក់ថា តាមរយៈការដោះលែងនេះ លោក Yoon នឹងអាចចូលរួមក្នុងសវនាការ ដោយស្ថិតនៅក្រៅឃុំ។ រូបលោក ត្រូវបានគេចាប់ខ្លួន តាំងតែពីថ្ងៃ១៩ ខែមករា នាំឱ្យលោកជាប់ឈ្មោះជា ប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន ក្រោមបទល្មើសព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះ លោក Yoon ក៏កំពុងប្រឈមមុខជាមួយ សំណុំរឿងដកតំណែងប្រធានាធិបតី នៅតុលាការធម្មនុញ្ញផងដែរ។ រូបលោក ត្រូវបានសភាព្យួរអំណាច ចាប់តាំងតែពីថ្ងៃទី១៤ ខែធ្នូ មក៕