(ណៃពិដោ)៖ កាលពីថ្ងៃសៅរ៍ ទី៧ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា ប្រមុខរបបសឹក លោក Min Aung Hlaing បានប្រកាសថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកល នៅខ្ទង់ខែធ្នូ ចុងឆ្នាំនេះ ឬនៅខែមករា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វាគឺជាលើកដំបូងហើយ ដែលរបបសឹក បានផ្តល់ចន្លោះវេលាជាក់លាក់ សម្រាប់ការបោះឆ្នោត ដែលត្រូវបានសន្យាយូរមកហើយ នៅក្នុងប្រទេសហែកហួរដោយសង្រ្គាមស៉ីវិលមួយនេះ។ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោក Ming Aung Hlaing អំឡុងទស្សនកិច្ចនៅប្រទេសបេឡារុស បានប្រកាសថា «យើងនឹងរៀបចំការបោះឆ្នោតសេរីនិងយុត្តិធម៌មួយ ក្នុងពេលឆាប់ៗ ដែលគ្រោងប្រព្រឹត្តនៅខែធ្នូ ឆ្នាំ២០២៥ ឬនៅខែមករា ឆ្នាំ២០២៦។ គណបក្សនយោបាយសរុបចំនួន៥៣ បានចុះឈ្មោះរួចជាស្រេច ដើម្បីចូលរួមក្នុងការបោះឆ្នោត»។
មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី ជាហេតុបង្កឱ្យផ្ទុះបាតុកម្មយ៉ាងកក្រើក។ ក្រោយការបង្រ្កាបយ៉ាងចាស់ដៃរបស់យោធា ចលនានោះបានប្រែក្លាយជា ចលនាបះបោរប្រដាប់អាវុធ ប្រឆាំងរដ្ឋាភិបាលយោធា ដែលបន្តមកទល់សព្វថ្ងៃ។
គួរបញ្ជាក់ថា លោក Min Aung Hlaing បានសន្យារៀបចំការបោះឆ្នោតសកលថ្មី ប៉ុន្តែរដ្ឋាភិបាលយោធារបស់លោក បានបន្តពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្នជាប់មករហូត ចំពោះមុខការប្រយុទ្ធគ្នាជាមួយ ក្រុមឧទ្ទាមដែលប្រឆាំងរដ្ឋប្រហារ។ ខាងក្រុមប្រឆាំងបានរិះគន់រួចទៅហើយថា ការបោះឆ្នោតដែលសន្យានោះ នឹងគ្រាន់ជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ ដើម្បីផ្តល់ភាពស្របច្បាប់ ដល់ការរក្សាអំណាចរបស់របបសឹក៕