Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សយ៉ាងហោច១២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ក្នុងការវាយប្រហារបស់រុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន

08-03-2025 14:16

(កៀវ)៖ សេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ី កាលពីចន្លោះយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៨ ខែមីនា បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ ស្របពេលដែលក្រុមមន្រ្តីអ៊ុយក្រែននិងអាមេរិក នឹងត្រូវជួបពិភាក្សាគ្នានាសប្តាហ៍ក្រោយ នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចប្រឹងប្រែងស្វែងរកការបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេវាសង្រ្គោះបន្ទាន់អ៊ុយក្រែន បានអះអាងថា ការវាយប្រហាររបស់រុស្ស៉ី ចំកណ្តាលក្រុង Dobropillia ក្នុងតំបន់ Donetsk នាយប់ថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងបង្កឱ្យរបួស៣០នាក់។ ដោយឡែក មនុស្សម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ក្នុងការវាយប្រហារដោយដ្រូន និង៧នាក់បានរងរបួស នាវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ នៅក្រុង Bogodukhiv នៃតំបន់ Kharkiv។

គួរបញ្ជាក់ថា ការវាយប្រហារថ្មីចុងក្រោយនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មថ្មីបន្ថែម រួមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ចំពោះមុខការបន្តវាយប្រហារគ្មានបន្ធូរដៃរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែទន្ទឹមគ្នាលោក ត្រាំ បាននិយាយថា វាប្រហែលងាយស្រួលធ្វើការជាមួយទីក្រុងមូស្គូ ជាជាងជាមួយទីក្រុងកៀវ ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយរយៈពេលជាង៣ឆ្នាំ មកហើយនេះ។ កាលពីចន្លោះយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រសប្តាហ៍នេះវិញ រុស្ស៉ីបានវាយប្រហារលើ​តំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីលជិត៧០គ្រាប់ និងដ្រូនប្រហែល២០០គ្រឿង៕