(ម៉ានីល)៖ អតីតកីឡាករប្រដាល់សកលជើងឯកពិភពលោក Manny Pacquiao បានយកលុយចំនួន ១៥០លានដុល្លារ ដែលទទួលបានពីការប្រកួតចាញ់កីឡាករអាមេរិក Floyd Mayweather ទៅសង់ផ្ទះ ១០០០ខ្នងឲ្យ ប្រជាជនក្រីក្រហ្វីលីពីន។
តាមរយៈគេហទំព័រ Amazyble បានចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះថា កីឡាករនិម្មិតរូប និងជា អ្នកនយោបាយរូបនៃប្រទេសហ្វីលីពីនបច្ចុប្បន្នផងនោះ បានយកថវិកាមួយចំនួន ក្នុងចំណោមថវិកាសរុប ១៥០លានដុល្លារ បន្ទាប់ពីប្រកួតចាញ់ Floyd Mayweather ដោយពិន្ទុកាលពីខែកញ្ញា ឆ្នាំ២០១៥ យកទៅសាងសង់ផ្ទះចំនួន ១០០០ខ្នង ចែកជូនប្រជាជនហ្វីលីពីន ដែលគ្មានផ្ទះសម្បែងរស់នៅ។
កីឡាករវ័យ ៣៧ឆ្នាំដែលប្រកបអាជីពប្រដាល់ ២១ឆ្នាំមកនេះបានថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ ចំពោះការចំណាយ លុយក្នុងហោប៉ៅផ្ទាល់ខ្លួន សង់ផ្ទះឲ្យប្រជាជនខ្ញុំរស់នៅក្នុងខេត្ត Sarangani ហើយខ្ញុំនៅតែបន្តសកម្មភាពនេះដដែល ដោយគ្មានពាក្យរអ៊ូរទាំឡើយ ហើយក៏សុំអំពាវនាវឲ្យអ្នកមានទ្រព្យឯទៀតចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ»។
សូមបញ្ជាក់ផងដែរ នេះជាលើកទី១ ហើយសម្រាប់ Pacman ដែលធ្វើសកម្មភាពមនុស្សដែលមិនអាចកាត់ថ្លៃបាន ហើយវាស័ក្តិសមទៅនឹងអ្វីដែលរូបគេធ្លាប់បានលើកឡើងដែរថា «ការចូលប្រឡូកក្នុងឆាកនយោបាយ ក៏ជាការចូលរួម ចំណែកក្នុងជួយអភិវឌ្ឍន៍ និងប្រជាជនរបស់គេផងដែរ»។
សូមបញ្ជាក់ផងដែរថា Manny Pacquiao នឹងត្រូវឡើងសង្វៀនជាថ្មី ប្រកួតដណ្តើមខ្សែក្រវាត់ WBO ជើងខ្លាំងជនជាតិ អាមេរិក Jessie Vargas នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ដែលជាការឡើងវ៉ៃលើកទី២ របស់គេក្នុងឆ្នាំ២០១៦នេះ ក្រោយពីផ្តួលកីឡាករ Timothy Bradley កាលពីខែមេសា ដោយពិន្ទុជាឯកច្ឆន្ទ៕