(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែមីនា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ហើយបានប្រាប់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតាំងចិត្តយ៉ាងមុតមាំ ដើម្បីបិទបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យបានឆាប់តាមតែអាចធ្វើទៅរួច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយកិច្ចសន្ទនាទូរស័ព្ទរវាងប្រមុខការទូតនៃប្រទេសទាំងពីរ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាម​ឱ្យបានឆាប់តាមតែអាចធ្វើទៅរួច ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាគីទាំងអស់ចាំបាច់ត្រូវតែបោះជំហាន ដើម្បីធានាបាននូវសន្តិភាពមួយ ដែលមាននិរន្តរភាព។

គួរបញ្ជាក់ថា លោក ត្រាំ បានផ្អាកជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់ ដល់អ៊ុយក្រែន ដើម្បីដាក់សម្ពាធលើទីក្រុងកៀវ ឱ្យយល់ព្រមទទួលយកការចរចា បន្ទាប់ពីបានប៉ះទង្គិចពាក្យសម្តី អំឡុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសេតវិមាន កាលពីសប្តាហ៍មុន។ ដោយឡែក កាលពីថ្ងៃសុក្រ លោក ត្រាំ បានអះអាងថា រូបលោកកំពុងតែពិចារណា ដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម រួមមានទាំងផ្នែកធនាគារ ហើយនិងវិធានការពន្ធគយប្រឆាំងរុស្ស៉ី រហូតទាល់តែបទឈប់បាញ់ និង​កិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបាននៅអ៊ុយក្រែន៕