(យូអិន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែមីនា បេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា អ៉ីរ៉ង់មិនបានទទួលលិខិតណាមួយ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យមានកិច្ចចរចាទប់ស្កាត់ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយទីក្រុងតេហេរ៉ង់ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យស្ថានទូតអ៉ីរ៉ង់ប្រចាំនៅ UN បាននិយាយដូច្នេះថា «ពួកយើងមិនបានទទួលលិខិតបែបនោះឡើយ»។ ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ក៏បានប្រាប់ AFP ដែរថា អ៉ីរ៉ង់នឹងមិនចរចាដាច់ខាត ដរាបណាសហរដ្ឋអាមេរិក នៅតែបន្តអនុវត្តយុទ្ធសាស្រ្ត «ដាក់សម្ពាធជាអតិបរមា» និងការគំរាមកំហែងរបស់ខ្លួន។
ក្នុងបទសម្ភាសជាមួយ បណ្តាញព័ត៌មាន Fox Business Network ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក ត្រាំ បានអះអាងថា រូបលោកបានផ្ញើលិខិតមួយច្បាប់ ទៅកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដើម្បីស្នើចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា មានជម្រើសពីរក្នុងការដោះស្រាយជាមួយអ៉ីរ៉ង់ នោះគឺវិធានការយោធា ឬមួយក៏កិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចម្តងទៀត កាលពីខែមករា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងបណ្តាញដឹកជញ្ជូនប្រេង។ កាលពីឆ្នាំ២០១៨ អំឡុងអាណត្តិទី១ ជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអ៉ីរ៉ង់ឆ្នាំ២០១៥៕