(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម ព្រមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ពោលគឺប៉ុន្មានថ្ងៃ ក្រោយផ្អាកជំនួយយោធានិងការគាំទ្រផ្នែកចារកម្មដល់អ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរ ប្រញាប់ចរចាគ្នា ដើម្បីសម្រេចឆ្ពោះទៅបាន កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ស្របពេលដែលរុស្ស៉ីកំពុងតែបន្តវាយប្រហារអ៊ុយក្រែនឥតសំចៃដៃ នៅលើសមរភូមិ នាពេលនេះ ខ្ញុំពិចារណាដាក់ទណ្ឌកម្មទ្រង់ទ្រាយធំផ្នែកធនាគារ និងទណ្ឌកម្មបន្ថែមផ្នែកផ្សេងៗទៀត ហើយនិងវិធានការពន្ធគយ ទៅលើរុស្ស៉ី រហូតទាល់មានការសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ រុស្ស៉ីនិងអ៊ុយក្រែន គួរតែរួសរាន់នាំគ្នាមកចូលតុចរចាឱ្យបានឆាប់ៗ មុនវាយឺតពេល»។
ការគំរាមរបស់លោក ត្រាំ ស្តីពីការបង្កើនសម្ពាធលើទីក្រុងមូស្គូ កើតមានឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋបាលរបស់លោក បានផ្តោតរិះគន់តែទៅលើអ៊ុយក្រែន រហូតមានការទាស់សម្តីគ្នាយ៉ាងខ្លាំងក្លា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន នៅឯសេតវិមាន។ ក្រោយការទាស់សម្តីគ្នានោះ អាមេរិកបានផ្អាកជំនួយយោធាទាំងអស់ និងការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីជាផ្នែកនៃការដាក់សម្ពាធឱ្យអ៊ុយក្រែន យល់ព្រមចរចាបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បើរាប់តែឯងគឺបានអនុវត្តទណ្ឌកម្មសរុបចំនួន៦៤៣៣ ប្រឆាំងនឹងរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយបើបូកជាមួយចំណាត់ការរបស់ប្រទេសដទៃទៀត រួមមានទាំងចក្រភពអង់គ្លេស អូស្រ្តាលី សហភាពអឺរ៉ុប និងកាណាដា គឺវាកើនដល់២១ ៦៩២ទណ្ឌកម្ម។ ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សេតវិមានកំពុងតែសិក្សាលើ លទ្ធភាពបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៉ី ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជំរុញ ការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន និងស្តារទំនាក់ទំនងការទូតក៏ដូចជាសេដ្ឋកិច្ចឡើងវិញ ជាមួយទីក្រុងមូស្គូ៕