(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយអ៊ីរ៉ង់ ហើយបានផ្ញើលិខិតមួយច្បាប់ទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថាសាធារណរដ្ឋឥស្លាមមួយនេះនឹងយល់ព្រមចូលរួមក្នុងការពិភាក្សា។ នេះបើតាមបទសម្ភាសន៍ជាមួយ Fox Business Network ដែលបានចាក់ផ្សាយនៅថ្ងៃសុក្រនេះ។
លោក ត្រាំ បាននិយាយថា លោកសង្ឃឹមថាអ៊ីរ៉ង់នឹងយល់ព្រមចរចា ព្រោះវានឹងជាផលប្រយោជន៍សម្រាប់អ៊ីរ៉ង់ផ្ទាល់។ លោកបានព្រមានថា ជម្រើសផ្សេងទៀតគឺសកម្មភាពយោធា ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យមានប្រទេសមានអាវុធនុយក្លេអ៊ែរមួយទៀតឡើយ។
ទោះជាយ៉ាងណា មិនទាន់មានប្រតិកម្មជាផ្លូវការពីក្រសួងការបរទេសអ៊ីរ៉ង់ ចំពោះការលើកឡើងរបស់លោក ត្រាំ នៅឡើយទេ។ លិខិតនេះទំនងជាត្រូវបានផ្ញើទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។
លោក ត្រាំ បានបញ្ជាក់ថា មានជម្រើសពីរក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ គឺវិធានការយោធា ឬកិច្ចព្រមព្រៀង។ លោកបានបន្ថែមថា លោកចង់បានកិច្ចព្រមព្រៀងមួយ ព្រោះលោកមិនចង់ឱ្យអ៊ីរ៉ង់រងការឈឺចាប់ ហើយលោកបានហៅប្រជាជនអ៊ីរ៉ង់ថាជា «មនុស្សអស្ចារ្យ»។
គួរបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងថា រុស្ស៊ីបានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិកនិងអ៊ីរ៉ង់។ លើសពីនេះ កាលពីពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៕