(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះបានថ្លែងថា ទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិកចាត់ទុកសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងអំឡុងសប្តាហ៍ដំបូងនៃសង្គ្រាម ថាជាមូលដ្ឋានដ៏មានសក្តានុពលសម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា សេចក្តីព្រាងឯកសារដែលបានពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីចុងខែមីនា ឆ្នាំ ២០២២ គឺតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលមហិច្ឆតាចូលជាសមាជិកណាតូ និងទទួលយកស្ថានភាពអព្យាក្រឹត ជាថ្នូរនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។ ទោះយ៉ាងណា កិច្ចព្រមព្រៀងនេះបានបរាជ័យដោយសារការទាមទាររបស់រុស្ស៊ីដែលចង់បានសិទ្ធិវេតូលើសកម្មភាពរបស់រដ្ឋធានា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ទាំងទីក្រុងវ៉ាស៊ីនតោន និងប្រធានាធិបតីរុស្ស៊ី Vladimir Putin មើលឃើញថាកិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុល អាចជាចំណុចចាប់ផ្តើមសម្រាប់ការចរចា។
កាលពីខែមុន បេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff ក៏ធ្លាប់បានលើកឡើងពីសារៈសំខាន់នៃ «កិច្ចព្រមព្រៀងពិធីសារអ៊ីស្តង់ប៊ុល» នេះផងដែរ ដោយលោកបានពណ៌នាកិច្ចចរចាដែលនាំទៅដល់កិច្ចព្រមព្រៀងនោះថា «ប្រកបដោយការយល់ឃើញ និងជាក់ស្តែង»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានថ្លែងកាលពីសប្តាហ៍មុនថា ទីក្រុងកៀវមិនបានទទួលសំណើណាមួយពីសហរដ្ឋអាមេរិកឱ្យប្រើប្រាស់ឯកសារទីក្រុងអ៊ីស្តង់ប៊ុល ជាមូលដ្ឋានសម្រាប់ការចរចាសន្តិភាពនោះទេ ខណៈដែលប្រធានាធិបតី Volodymyr Zelenskiy កាលពីខែធ្នូ ធ្លាប់បានច្រានចោលវិធីសាស្ត្រទីក្រុងអ៊ីស្តង់ប៊ុលនេះ ដោយចាត់ទុកថាវាជាឱសានវាទដែលតម្រូវឱ្យប្រទេសរបស់លោកចុះចាញ់៕