(វ៉ាស៊ីនតោន)៖ នាឱកាសថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៤ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថាសមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានផ្ញើលិខិតមួយជូនរូបលោកដោយបញ្ជាក់ថាលោក (ហ្សេលេនស្គី) បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី ហាក់បន្ទន់ជំហរ និងបានបង្ហាញលោក ត្រាំ ពីផែនការសន្តិភាពថ្មីមួយរបស់លោក។ ការវិវត្តន៍ថ្មីនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯ សេតវិមានជាទីដែលលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់លោក ហ្សេលេនស្គីជា «ជនល្មោភសង្រ្គាម» ដែលគ្មានឆន្ទៈដើម្បីធ្វើការឆ្ពោះទៅរកបទឈប់បាញ់ជាមួយរុស្ស៉ី និងមិនបាន បង្ហាញការដឹងគុណសម្រាប់ជំនួយដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យអ៊ុយក្រែនចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន កាលពីឆ្នាំ២០២២មក។ ដូច្នេះថាតើអ្វីទៅជាការសន្ទនាគ្នាចុងក្រោយបំផុតរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី? តើអ្វីទៅជាផែនការសន្តិភាពថ្មីរបស់អ៊ុយក្រែន? តើអឺរ៉ុបមានជំហរបែបណា ហើយថាតើផែនការនេះអាចនឹងដំណើរការដែរឬទេ?
* តើលោក ត្រាំ និងលោក ហ្សេលេនស្គី បាននិយាយអ្វីខ្លះ?
លោក ត្រាំ កាលពីថ្ងៃទី៤ ខែមីនា បាននិយាយថារូបលោកបានទទួលលិខិតមួយពីលោក ហ្សេលេនស្គី ហើយដែលក្នុងលិខិតនោះ មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហាញពីការត្រៀមលក្ខណៈដើម្បីចូលរួមកិច្ចចរចាស្វែងរក សន្តិភាព។ ដោយយោងទៅលើលិខិតរបស់លោក ហ្សេលេនស្គី លោក ត្រាំ បានប្រាប់សភាទាំង២របស់សហរដ្ឋអាមេរិកថា «អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឆ្ពោះកាន់កៀកទៅរកសន្តិភាពយូរអង្វែង។ គ្មាននរណាចង់បានសន្តិភាពខ្លាំងជាងប្រជាជនអ៊ុយក្រែនទេ»។ លោក ត្រាំ បន្តថាលោកក៏បានទទួលបានសញ្ញាពីរុស្ស៉ីដែរថាមូស្គូត្រៀមខ្លួនជាស្រេចដើម្បីសន្តិភាព។ ក្នុងថ្ងៃ ដដែលនោះដែរ លោក ហ្សេលេនស្គីវិញ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបញ្ជាក់ឡើងវិញពីអ្វីដែលលោកបានសរសេរ នៅក្នុងលិខិតរបស់លោកផ្ញើជូនលោក ត្រាំ។ «ខ្ញុំចង់បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្ត របស់អ៊ុយក្រែនដើម្បីសន្តិភាព»។ នេះជាកថាខណ្ឌដំបូងនៃការបង្ហោះសាររបស់លោក ហ្សេលេនស្គី។
លោក Keir Giles ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានស្រាវជ្រាវ Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ យល់ថាអ្វីដែលលោក ហ្សេលេនស្គីបាននិយាយ គឺជាការព្យាយាមលួងលោម និងផ្សះផ្សាជាមួយលោក ត្រាំ។
* តើអ្វីទៅជាផែនការសន្តិភាពថ្មីរបស់លោក ហ្សេលេនស្គី?
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានធ្វើការពិពណ៌នាសង្ខេបខ្លីៗពីផែនការសន្តិភាពរបស់លោក។ លោកបានសរសេរថា «ក្នុងដំណាក់កាលទី១ អាចនឹងមានការដោះលែងឈ្លើយសឹក និងបទឈប់បាញ់តាមផ្លូវអាកាសជាមួយការហាមឃាត់ការវាយប្រហារដោយមីស៊ីល ដ្រូនរយៈចម្ងាយឆ្ងាយ និងការទម្លាក់គ្រាប់បែកលើហេដ្ឋរចនាសម្ព័ន្ធថាមពល និងស៊ីវិលផ្សេងទៀត។ រីឯ បទឈប់បាញ់នៅក្នុងដែនសមុទ្រ អាចនឹងធ្វើឡើងភ្លាមៗ ប្រសិនបើរុស្ស៉ីយល់ព្រមអនុវត្តតាម»។ តាមលោក ហ្សេលេនស្គី អ៊ុយក្រែនចង់សម្រេចបានជំហាន ឬដំណាក់កាលបន្ទាប់ឱ្យបានលឿនរហ័ស ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យ បាននូវកិច្ចព្រមព្រៀងចុងក្រោយបំផុតដ៏រឹងមាំមួយ។
លោក Mikhail Alexseev ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ San Diego State University បាននិយាយថាសកម្មភាពថ្មីៗរបស់លោក ហ្សេលេនស្គី គឺមានភាពជាក់លាក់ និងជាមធ្យោបាយ មួយដើម្បីធ្វើតេស្ដមើលថាតើរុស្ស៉ីពិតជាមានភាពប្រាកដប្រជាចង់បានការចរចាផ្សះផ្សាមួយ ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនក្លាយជារដ្ឋឯករាជ្យមួយដែរ ឬក៏យ៉ាងណា?
* តើអឺរ៉ុបមានជំហរបែបណាចំពោះផែនការរបស់លោក ហ្សេលេនស្គី?
នៅមុនកិច្ចប្រជុំកំពូលស្ដីពីសន្តិសុខអ៊ុយក្រែន ក្នុងទីក្រុងឡុងដ៍ រៀបចំឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃទី២ ខែមីនា លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់កាសែត បារាំង Le Figaro អំពីផែនការបទឈប់បាញ់មួយជាដំណាក់កាលៗ ដែលស្រដៀងគ្នាទៅនឹងផែនការរបស់លោក ហ្សេលេនស្គីដែរ។ លោក Macron បាននិយាយថាចក្រភពអង់គ្លេស និងបារាំង ចង់បានបទឈប់បាញ់មួយ ដែលបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស និងក្នុងដែនសមុទ្រ ព្រមទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេលមួយខែ។ លោក Starmer និងលោក Macron រួមជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានបង្ហាញ ផងដែរពីឆន្ទៈបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន ក្នុងករណីមានការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ តែទោះជាបែបនេះក្ដី រុស្ស៉ីបានប្រឆាំងជំទាស់ទៅនឹងវត្តមានកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅលើ ទឹកដីអ៊ុយក្រែន។ «គោលដៅសង្រ្គាមទាំងមូលរបស់រុស្ស៉ីនឹងមិនមានការផ្លាស់ប្ដូរទេ។ ដូច្នេះកងកម្លាំងណាមួយនៅលើទឹកដីអ៊ុយក្រែន ក្នុងគោលបំណងការពារសន្តិភាព គឺជាឧបសគ្គមួយសម្រាប់រុស្ស៉ី ហើយយើងអាចរំពឹងថា រុស្ស៉ីនឹងប្រឆាំងជំទាស់ដោយភ្ជាប់ជាមួយការសម្លុតគំរាមខ្លាំងៗដែលខ្លួនអាចធ្វើបាន»។ នេះជាការយល់ឃើញរបស់លោក Giles។ អ្នកវិភាគរូបនេះបន្ថែមថា «មកទល់ពេលនេះ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកហាក់បង្ហាញ ការគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពមួយរបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន នៅពេលកិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ីត្រូវបានចុះហត្ថលេខា។ ប៉ុន្តែ ផ្អែកលើការអនុវត្តកន្លងមក ប្រសិនបើរុស្ស៉ីប្រកាន់ជំហរជំទាស់ដាច់ខាត យើងអាចរំពឹងថារដ្ឋបាលលោក ត្រាំ នឹងគាំទ្រសំណើរបស់ទីក្រុងមូស្គូ»។
* អ្វីទៅជាហេតុផលនៅពីក្រោយផែនការថ្មីរបស់លោក ហ្សេលេនស្គី?
មួយថ្ងៃនៅមុនទទួលបានលិខិតពីលោក ហ្សេលេនស្គី លោក ត្រាំ ត្រូវបានរាយការណ៍ថាបានចេញបញ្ជាឱ្យផ្អាកការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។ ការសម្រេចចិត្តផ្អាកជំនួយនេះកើតមានឡើង ក្រោយការប៉ះសម្ដីគ្នាខ្លាំងៗរវាងមេដឹកនាំទាំង២ នៅឯការិយាល័យពងក្រពើនៃសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រហូតដល់ថ្ងៃទី៤ ខែមីនា លោក ហ្សេលេនស្គីហាក់បន្ទន់ជំហរ និងបង្ហាញការដឹងគុណចំពោះជំនួយយោធា ដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យ។ លោក ហ្សេលេនស្គីក៏បានសរសេរដែរថាជំនួបរបស់លោកនៅឯសេតវិមាន មិនបានដំណើរការទៅដោយរលូនតាមដែលបានគ្រោងទុក ហើយនេះជាការគួរឱ្យសោកស្ដាយ និងជាពេលត្រូវ កៃខៃស្ថានការណ៍ឡើងវិញ។ ក្នុងការបង្ហោះរបស់លោក លោក ហ្សេលេនស្គីមិនបានលើកឡើងពីការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនឡើយ។
ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា លោក ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមអ៊ុយក្រែន និងកាន់តែបើកចំហចំពោះកិច្ចចរចាជាមួយរុស្ស៉ី។ តួយ៉ាង កាលពីខែកុម្ភៈ ក្រុមមន្ត្រីអាមេរិក និងរុស្ស៉ីបានជួបគ្នាដើម្បីពិភាក្សាស្ដីពីការរៀបចំកិច្ចចរចាសន្តិភាព នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយផាត់អ៊ុយក្រែន និងអឺរ៉ុបចេញទៀតផង។
* ចុះពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរ៉ែ?
លោក ត្រាំ នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២របស់អាមេរិក បាននិយាយថាអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងរ៉ែ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X វិញ លោក ហ្សេលេនស្គី បានសរសេរថា «ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខានៅក្នុងពេលណាមួយ និងតាមមធ្យោបាយសមស្របណាមួយ។ យើងមើលឃើញថាកិច្ចព្រមព្រៀងនេះជា ការបោះជំហានឆ្ពោះទៅរកសន្តិសុខដ៏អស្ចារ្យ និងការធានាសន្តិសុខដ៏រឹងមាំ ហើយខ្ញុំពិតជាសង្ឃឹមថាវានឹងដំណើរប្រកបដោយប្រសិទ្ធភាព»។ ខណៈបញ្ជាក់ច្បាស់ៗថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ព ឬកងកម្លាំងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន ជាផ្នែកមួយបទឈប់បាញ់ណាមួយជាមួយរុស្ស៉ី លោក ត្រាំ និងរដ្ឋបាលរបស់លោកបានអះអាងថាកិច្ចព្រមព្រៀងរ៉ែនឹងបម្រើជាការធានាសន្តិសុខមួយសម្រាប់ទីក្រុងកៀវ។ ក្នុងន័យនេះគេអាចយល់បានថា៖ នៅពេលដែលរុស្ស៉ីដឹងថាសហរដ្ឋអាមេរិកវិនិយោគ និងមានប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងនៅអ៊ុយក្រែន នោះទីក្រុងមូស្គូនឹងយល់ថាការវាយប្រហារលើអ៊ុយក្រែន អាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិកសងសឹកវិញយ៉ាងខ្លាំងក្លា។
* តើរុស្ស៉ីនឹងទទួលយកផែនការសន្តិភាពរបស់លោក ហ្សេលេនស្គី ទេ?
តាមក្រុមអ្នកវិភាគ ដោយសារតែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពនៅតែមានភាពស្រពេចស្រពិល វាដូចជាលឿនពេកដើម្បីសន្និដ្ឋាន ឬប្រាប់ថារុស្ស៉ីនឹងទទួលយកឬក៏អត់? លោក Giles បាននិយាយថារុស្ស៉ីអាចនឹងរង់ចាំមើល សិនថាតើអឺរ៉ុបអាចនឹងធ្វើសកម្មភាពរួមគ្នាដែរឬក៏យ៉ាងណា ស្របពេលមិនទាន់មានអ្វីច្បាស់លាស់នៅឡើយ ហើយដែលនេះនឹងធ្វើឱ្យរុស្ស៉ីស្ថិតនៅទីតាំងមួយដ៏ល្អ។ ប៉ុន្តែ អ្នកវិភាគផ្សេងទៀត ជឿថាសំណើរបស់លោក ហ្សេលេនស្គី មិនមែនជារឿងល្អសម្រាប់រុស្ស៉ីនោះទេ។ «ខ្ញុំមិនគិតនោះទេថាវាជាកិច្ចព្រមព្រៀងល្អមួយសម្រាប់រុស្ស៉ី។ រុស្ស៉ីមានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយច្រើនជាងអ៊ុយក្រែន និងកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ច្រើនជាងអ៊ុយក្រែនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៉ី។ ដូច្នេះខ្ញុំមិនគិតទេថារុស្ស៉ីអាចនឹងចុះហត្ថលេខា»។ នេះជាការលើកឡើងរបស់លោកស្រី Marina Miron ជាអ្នកស្រាវជ្រាវផ្នែកយោធាម្នាក់មកពីសាកលវិទ្យាល័យ King’s College London។ នៅត្រង់ចំណុចនេះ លោក Alexseev យល់ស្របជាមួយលោកស្រី Miron។ លោក Alexseev បាននិយាយថា «ខ្ញុំមើលមិនឃើញទេថាពួកគេ (រុស្ស៉ី) នឹងទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដោយគ្មានការសុំចុះចាញ់របស់អ៊ុយក្រែន និងរំលាយអធិបតេយ្យរបស់អ៊ុយក្រែន»។ លោកបន្តទៀតថា «សហរដ្ឋអាមេរិកនឹងចាំបាច់ធ្វើការគំរាមធ្ងន់ៗឱ្យរុស្ស៉ីមានការផ្លាស់ប្ដូរគំនិតបែបនេះ និងទទួលស្គាល់សិទ្ធិរបស់អ៊ុយក្រែនចំពោះ អធិបតេយ្យ និងពិភាក្សាលើការសម្របសម្រួលមួយចំនួន។ តែក្នុងពេលនេះទីក្រុងវ៉ាស៊ីនតោនបែរជាដើរផ្ទុយពីនេះទៅវិញ ដោយបង្ហាញការត្រៀមខ្លួនដើម្បីសម្របតាមការទាមទារសំខាន់ៗរបស់រុស្ស៉ី»។
* តើអាមេរិកនឹងទទួលយកផែនការសន្តិភាពរបស់លោក ហ្សេលេនស្គីទេ?
តាមលោក Giles វាក៏មិនទាន់ច្បាស់នោះដែរថាតើសហរដ្ឋអាមេរិកនឹងទទួលយកឬក៏អត់? នោះក៏ព្រោះតែផលប្រយោជន៍សម្រាប់លោក ត្រាំ គឺខុសគ្នាពីផលប្រយោជន៍សម្រាប់អ៊ុយក្រែន និងអឺរ៉ុប។ លោកពន្យល់ថា ក្នុងករណីនេះ វាគឺអាស្រ័យថាតើកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែនអាចផ្ដល់អត្ថាប្រយោជន៍ និងជំរុញទឹកចិត្តលោក ត្រាំ ដល់កម្រិតណា? ដោយឡែក សម្រាប់លោក Alexseev បញ្ហាសំខាន់ នោះគឺថាតើលោក ត្រាំ នឹងចាប់ផ្ដើមបញ្ជូនអាវុធ និងចែករំលែកការស៊ើបការណ៍សម្ងាត់ឡើងវិញជាមួយអ៊ុយក្រែនដែរឬក៏យ៉ាងណា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ុយក្រែនចុះកិច្ចព្រមព្រៀងរ៉ែ។ ប៉ុន្តែ លោក Alexseev យល់ថារាល់កិច្ចព្រមព្រៀងណាមួយ នឹងតម្រូវឱ្យលោក ត្រាំ មិនត្រឹមតែចាប់ផ្ដើមឡើងវិញទេ តែត្រូវបង្កើនការផ្ដល់ជំនួយផងដែរ។
ចំណែក លោកស្រី Miron វិញបាននិយាយថាបើទោះបីជាសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងរ៉ែក៏ដោយ ក៏វាមិនទាន់ច្បាស់ដែរថាតើលោក ហ្សេលេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយតំណាងឱ្យអ៊ុយក្រែន ឬក៏នរណា ផ្សេងម្នាក់មកពីសភាអ៊ុយក្រែនជាអ្នកចុះហត្ថលេខា។ តាមអ្នកវិភាគរូបនេះ សហរដ្ឋអាមេរិកចង់ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន មិនមែនជាមួយលោក ហ្សេលេនស្គីជាពិសេសនោះទេ។ លោក ត្រាំ ធ្លាប់បានរិះគន់លោក ហ្សេលេនស្គី ចំពោះការខកខានរៀបចំការបោះឆ្នោតសកល។ ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ត្រាំ បានហៅលោក ហ្សេលេនស្គីថាជាជនផ្ដាច់ការម្នាក់។ លោកស្រី Miron យល់ថានៅបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា សេតវិមានរបស់លោក ត្រាំ អាចនឹងជំរុញឱ្យមានរៀបចំការបោះឆ្នោតនៅអ៊ុយក្រែន។ ដូច្នេះប្រសិនបើនេះជាផែនការរបស់អាមេរិកពិតមែន នោះការណ៍ដែលសមាជិកសភាអ៊ុយក្រែនម្នាក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែតំណាងឱ្យ អ៊ុយក្រែន ជំនួសលោក ហ្សេលេនស្គី គឺជារឿងមួយទំនងអាចទៅរួច។ ពីព្រោះថាបើធ្វើបែបនេះ ទីក្រុងកៀវនឹងមិនអាចប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់ជាហេតុផល ដើម្បីលុបចោលកិច្ចព្រមព្រៀងនៅពេលអនាគត បាននោះទេ ក្នុងពេលមួយដែលការជឿទុកចិត្តគ្នារវាងអាមេរិក និងអ៊ុយក្រែនកំពុងធ្លាក់ចុះ៕