(ម៉ានីល)៖ ហ្វីលីពីននិងកាណាដា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីស្ថានភាពកងកម្លាំងបំពេញទស្សនកិច្ច (SOVFA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីន ដែលត្រូវចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងនេះ នឹងបង្កើតក្របខ័ណ្ឌសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ជំរុញកិច្ចសហការរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងរបស់ពួកគេ។ ក្រសួងការពារជាតិហ្វីលីពីនបានហៅកិច្ចព្រមព្រៀងនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី ហើយរំពឹងថានឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
កាណាដាបានបង្ហាញការគាំទ្រចំពោះជំហររបស់ហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយគាំទ្រសាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ដែលបានច្រានចោលការទាមទារដែនសមុទ្រដ៏ទូលំទូលាយរបស់ចិន។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងហ្វីលីពីននិងកាណាដាបានឈានដល់ដំណាក់កាលសំខាន់មួយរួចទៅហើយកាលពីឆ្នាំ ២០២៣ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យហ្វីលីពីនប្រើប្រាស់ប្រព័ន្ធ Dark Vessel Detection របស់កាណាដា។ ប្រព័ន្ធនេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលធ្វើឡើងដោយនាវាដែលបិទឧបករណ៍បញ្ជូនទីតាំងដើម្បីគេចពីការត្រួតពិនិត្យ។
ចំពេលមានភាពតានតឹងកើនឡើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហ្វីលីពីនកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសជាច្រើន ស្របពេលដែលរក្សាសម្ព័ន្ធភាពជាមួយអាមេរិក។ ថ្មីៗនេះ ហ្វីលីពីនបានចរចាកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយនូវែលសេឡង់ និងបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង (RAA) ជាមួយជប៉ុនកាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ពរវាងប្រទេសទាំងពីរ៕