(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកអាវុធប្រល័យលោករបស់សហរដ្ឋអាមេរិកមួយរូប បានចេញមុខអះអាងថា មីស៊ីលចំនួនពីរគ្រាប់ដែលប្រទេសកូរ៉េខាងជើង បានបរាជ័យក្នុងការបាញ់សាកល្បងកាលពីពេលថ្មីៗនេះ អាចជាប្រភេទ KN-08 (មីស៊ីលរយៈចម្ងាយឆ្ងាយលំដាប់អន្តរជាតិ) ដែលអាចបាញ់ដល់ទ្វីបអាមេរិកហើយវា ទំនងជាមិនមែនជាមីស៊ីលប្រភេទ Musudan ដូចដែលយោធាអាមេរិកនិងកូរ៉េខាងត្បូងបានអះអាងពីខាងដើម នោះឡើយ។ នេះបើតាមការចេញផ្សាយដោយយ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
លោក Jeffrey Lewis អ្នកជំនាញផ្នែកអាវុធប្រល័យលោក និងជានាយកនៃកម្មវិធីមិនរីកសាយភាយ អាវុធប្រល័យលោករបស់មជ្ឈមណ្ឌល CNS James Martin បានលើកឡើងពីភាពដែលអាចទៅរួចនៃ ការប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ KN-08 លំដាប់ថ្នាក់អន្តរជាតិរបស់ប្រទេសកូរ៉េខាងជើង ដោយយោងទៅលើ រូបភាពពីប្រព័ន្ធផ្កាយរណបនៅចំកន្លែងដែលកូរ៉េខាងជើងបានធ្វើការបាញ់ និងពន្លឺដែលជះចេញពីតំបន់ដែល បានធ្វើតេស្តគ្រាប់មីស៊ីលចំនួនពីរលើកនោះ។
លោក Jeffrey Lewis បញ្ជាក់ដូច្នេះថា «យើងមិនទាន់ចង់ឲ្យមានការអះអាងថាវាជា Musudan នោះទេ។ យើងគិតថាគ្រប់គ្នាដូចជាលឿនពេកក្នុងការសន្មត់ទាំងស្រុងថាជាវា Musudan។ ទោះបីជាវានៅស្ថិតនៅក្នុង ភាពដែលអាចទៅរួច ៥០លើ៥០ ក៏ដោយក៏វាបានបង្កជាភាពតក់ស្លុតរួចទៅហើយ។ យើងអាចសង្កេតមើល រូបភាពតាមប្រព័ន្ធផ្កាយរណប ដែលបានបង្ហាញថាតំបន់ជុំវិញជើងទម្របាញ់នោះមានសភាពឆេះខ្លោចខ្លាំងជាង កន្លែងដែលធ្លាប់ធ្វើតេស្ត Musudan នោះទៅទៀត។ ដូច្នេះការព្រួយបារម្ភនឹងកាន់តែធំជាងនេះ»។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលចំនួនពីរលើកបន្ថែមទៀត នៅក្នុងខែតុលានេះ ដោយលើកទីមួយនៅថ្ងៃទី១៥ និងលើកទីពីរនៅថ្ងៃទី២០ ហើយដែលមួយថ្ងៃបន្ទាប់ពីនោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងថា ជាប្រភេទមីស៊ីល Musudan ដែលមានរយៈចម្ងាយមធ្យម។ យ៉ាងណាក៏ដោយ ប្រសិនបើដូចអ្នកជំនាញខាងលើនេះអះអាងពិតមែន វាប្រាកដ នឹងក្លាយជារឿងរ៉ាវដ៏កាន់តែឈឺក្បាលថែមទៀត សម្រាប់ប្រទេសដែលជាសត្រូវកូរ៉េខាងជើងជាពិសេស អាមេរិក កូរ៉េខាងត្បូង រួមទាំងជប៉ុនផងដែរ ខណៈដែល ដំណោះស្រាយនានា ហាក់មិនទាន់បញ្ចេញប្រសិទ្ធភាពបន្តិចនោះឡើយ៕