(ដាម៉ាស)៖ នាថ្ងៃសុក្រ ទី៧ ខែមីនា អង្គការឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅស៉ីរី បានឱ្យដឹងថា មនុស្សជាង៧០នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្នុងការប្រយុទ្ធគ្នារវាងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ដែលស្មោះស្ម័គ្រចំពោះអតីតមេដឹកនាំទម្លាក់ពីអំណាច គឺលោក Bashar al-Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក្តី ពុំមានការបញ្ជាក់ច្បាស់ថា ក្នុងចំណោមតួលេខខាងលើ ម្ខាងៗមានអ្នកស្លាប់និងរងរបួសប៉ុន្មានទេ។ ការប៉ះទង្គិចគ្នា បានកើតឡើងនៅក្រុង Jableh ក្នុងខេត្ត Latakia ស្របពេលកងកម្លាំងសន្តិសុខស៉ីរី បានបើកប្រតិបត្តិការដើម្បីបោសសម្អាត ក្រុមជនដែលនៅបន្តស្មោះស្ម័គ្រចំពោះ លោក Assad។ រដ្ឋាភិបាលស៉ីរី បានដាក់ពង្រាយកងម្លាំងបន្ថែម ទៅកាន់ក្រុង Jableh និងតំបន់ជុំវិញនោះ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។
គួរបញ្ជាក់ថា អំពើហិង្សាចុងក្រោយនេះ បង្ហាញឱ្យឃើញពីអស្ថិរភាព ដែលនៅតែបន្តក្នុងប្រទេសស៉ីរី ក្រោយការដួលរលំនៃរបបលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ លោក Assad ត្រូវបានទម្លាក់ពីអំណាច និងរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី ក្រោយអតីតកងកម្លាំងក្រុមឧទ្ទាម ដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) បានវាយលុកចូលដល់ រដ្ឋធានីដាម៉ាស។ វាជាការបិទបញ្ចប់ការកាន់អំណាចរយៈពេល២៤ឆ្នាំរបស់លោក និងការកាន់អំណាចរយៈពេល៥ទសវត្សរ៍ នៃគ្រួសារត្រកូល Assad ទាំងមូល៕