(កៀវ)៖ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រ ទី៧​ ខែមីនា នេះថា កងទ័ពរុស្ស៉ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័នរបស់អ៊ុយក្រែន នៅក្នុងការវាយប្រហារថ្មីទៀត ដោយយន្តហោះដ្រូន មីស៉ីល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក German Galushchenko បានបង្ហោះសារលើហ្វេសប៊ុកដូច្នេះថា «ជាថ្មីម្តងទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័ន នៅក្នុងតំបន់ផ្សេងៗនៃអ៊ុយក្រែន ស្ថិតក្រោមការបាញ់មីស៉ីល និងដ្រូន។ ក្រុមសង្គ្រោះ និងវិស្វករថាមពលកំពុងធ្វើការ ដើម្បីដោះស្រាយផលវិបាក។ វិធានការចាំបាច់ទាំងអស់កំពុងត្រូវបានអនុវត្ត ដើម្បីធ្វើឱ្យមានស្ថេរភាពលើការផ្គត់ផ្គង់ថាមពល និងឧស្ម័ន»។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យខូចខាតដល់កន្លែងផលិតឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋអ៊ុយក្រែន Naftogaz ផងដែរ។ បើតាម Naftogaz «កន្លែងផលិតឧស្ម័ន ត្រូវរងការខូចខាត។ សំណាងល្អមិនមានអ្នករងរបួស»។

អភិបាលក្រុង Ternopil លោក Viacheslav Nehoda និយាយថា មានការវាយប្រហារលើ រោងចក្រឧស្សាហកម្មដ៏សំខាន់មួយ នៅតំបន់ភាគខាងលិច ហើយអាចនឹងមានការកំណត់លើការផ្គត់ផ្គង់ឧស្ម័ន។ ប្រព័ន្ធការការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៉ីលមួយគ្រាប់។ នៅឯទីក្រុង Kharkov ភាគឦសាន រុស្ស៉ីបានវាយប្រហារលើសហគ្រាសស៉ីវិល និងរបួសមនុស្សយ៉ាងតិច ៥នាក់។

គួរបញ្ជាក់ថា រុស្ស៉ី ដែលពីមុនផ្តោតលើការវាយប្រហារដោយមីស៉ីល និងដ្រូនលើវិស័យថាមពលអគ្គិសនី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបង្កើនការវាយប្រហាររទៅលើកន្លែងស្តុក និងផលិតឧស្ម័នរបស់អ៊ុយក្រែនទៀត៕