(ឡុងដ៏)៖ មន្ត្រីអង់គ្លេសម្នាក់ បានឱ្យដឹងថា ក្រុមមន្ត្រីអង់គ្លេសបានជួបពិភាក្សាជាមួយប្រទេសប្រហែល ២០ ដែលចាប់អារម្មណ៍ ចូលរួមក្នុងក្រុមចម្រុះមួយដើម្បីជួយដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ ២០២៥។

ការពិភាក្សានោះ រួមមានជាមួយ ដៃគូអឺរ៉ុប និងប្រទេស Commonwealth ដោយជជែកទៅលើរបៀបដែលប្រទេសនានា អាចរួមចំណែកជួយដល់អ៊ុយក្រែន នៅដំណាក់កាលដំបូង ករណីដែលមានបទឈប់បាញ់។ មន្ត្រីរូបនេះ បាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពិតណាស់ យើងស្វាគមន៍ការចូលរួមកាន់តែច្រើន​ ពីដៃគូអឺរ៉ុប និងប្រទេស Commonwealth»។

ចក្រភពអង់គ្លេស​ និង​បារាំង ​កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើត​ក្រុម​ប្រទេស ​ដែល​ត្រៀម​ខ្លួន​ជួយ​ការពារ​បទ​ឈប់​បាញ់​ ក្នុង​ករណី​ដែល​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៉ី ​និង​អ៊ុយក្រែន អាចឈានដល់ការសម្រេចបាន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយកងទ័ពទៅអ៊ុយក្រែន ដើម្បីធានាថាបទឈប់បាញ់ត្រូវបានគោរព ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ប៉ុន្តែមិនបាន​​បញ្ជាក់​លម្អិត ថាកងទ័ព​ពួកគេមានតួនាទីអ្វីនោះទេ៕