(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី៧ ខែមីនា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ចិននឹងតបតយ៉ាងម៉ឺងម៉ាត់ទៅវិញ ចំពោះការដាក់សម្ពាធពីសហរដ្ឋអាមេរិក ជុំវិញបញ្ហាថ្នាំញៀន fentanyl ហើយលោកបានបន្ថែមទៀតថា ប្រទេសមហាអំណាច មិនគួរគាបសង្កត់ធ្វើបាបប្រទេសទន់ខ្សោយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អំឡុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង លោក Wang Yi បានលើកឡើងដូច្នេះថា «ប្រសិនបើភាគីម្ខាង ខំប្រឹងដាក់សម្ពាធទាំងគ្មានការគិតគូរពិចារណាច្បាស់លាស់ នោះចិននឹងតបតទៅវិញយ៉ាងម៉ឺងម៉ាត់បំផុត។ មិនមានប្រទេសណាអាចស្រមៃទៅរួចឡើយថា ខ្លួនអាចយកដៃម្ខាងរាំងខ្ទប់ចិន ហើយទន្ទឹមគ្នាយកដៃម្ខាងទៀត មកអភិវឌ្ឍទំនាក់ទំនងឱ្យល្អប្រសើរជាមួយចិន បានឡើយ»។
លោក Wang បានបន្ថែមថា សហរដ្ឋអាមេរិក មិនគួរតបស្នងអំពើល្អ ជាមួយការធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌នោះទេ ដោយលោកចង់សំដៅលើការដំឡើងពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងទំនិញរបស់ចិន បើទោះបីទីក្រុងប៉េកាំង ធ្លាប់បានផ្តល់ការជួយជ្រោមជ្រែងចម្រុះ ដល់ទីក្រុងវ៉ាស៉ីនតោន ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ជុំវិញការទប់ស្កាត់លំហូរថ្នាំ fentanyl ចូលទៅកាន់សហរដ្ឋអាមេរិកក៏ដោយ។
ជាចុងក្រោយ លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានថ្លែងពាក់ព័ន្ធនឹងបញ្ហាប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា រវាងចិននិងអាមេរិកផងដែរ ដោយលោកនិយាយថា ទីណាមានការរាំងខ្ទប់ ទីនោះនឹងមានការទម្លុះចេញ ហើយទីណាមានការគាបសង្កត់ ទីនោះនឹងមាននវានុវត្តន៍៕