(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បាននិយាយថា ប្រជាជនអ៊ុយក្រែន ពិតជាមានបំណងប្រាថ្នាចង់បានសន្តិភាព ប៉ុន្តែមិនមែនក្រោមតម្លៃនៃការត្រូវលះបង់ប្រទេសអ៊ុយក្រែនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ខ្ញុំសូមសង្កត់ធ្ងន់សាជាថ្មីម្តងទៀតថា ប្រជាជនអ៊ុយក្រែន ពិតជាចង់បានសន្តិភាពខ្លាំងណាស់ ប៉ុន្តែមិនមែនក្រោមតម្លៃ នៃការត្រូវលះបង់ប្រទេសរបស់ពួកគេ នោះឡើយ»។ លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងបែបនេះ អំឡុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្រុចសែល ជាទីដែលបណ្តាមេដឹកនាំអឺរ៉ុប បានជួបជុំគ្នាដើម្បីពិភាក្សា អំពីវិស័យការពារជាតិ និងការគាំទ្រសម្រាប់អ៊ុយក្រែន ក្រោយសហរដ្ឋអាមេរិក ផ្អាកជំនួយយោធាទៅកាន់ទីក្រុងកៀវ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ជាថ្មីផងដែរ អំពីភាពចាំបាច់ត្រូវគោរពតាមគោលការណ៍ មិនបើកកិច្ចចរចាសន្តិភាពអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយរុស្ស៉ី ដោយគ្មានទីក្រុងកៀវនិងអឺរ៉ុប។ កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានទាស់សម្តីគ្នាយ៉ាងខ្លាំងជាមួយលោក ត្រាំ នៅសេតវិមាន ហើយក្រោយមកអាមេរិក បានប្រកាសផ្អាកជំនួយយោធាទាំងអស់ ព្រមទាំងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ ស្របពេលដែលក្រុមមន្រ្តីអ៊ុយក្រែន និងអាមេរិក នាពេលនេះបានឯកភាពគ្នាបើកកិច្ចពិភាក្សាថ្មី នៅសប្តាហ៍ក្រោយ លោក ហ្សេលេនស្គី បានបង្ហាញក្តីសង្ឃឹមថា វានឹងអាចជាកិច្ចពិភាក្សាមួយប្រកបដោយអត្ថន័យ ដើម្បីឆ្ពោះទៅផ្សះផ្សាទំនាក់ទំនងឡើងវិញ៕