(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណបណ្ដាមេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា សម្រាប់ការគាំទ្រ និងឈរនៅខាងអ៊ុយក្រែន ខណៈអឺរ៉ុបបើកកិច្ចប្រជុំស្ដីពីការប្រឈមមុខនឹងការបង្វែរការផ្ដោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ មានការចូលរួមពីមេដឹកនាំសហភាពអឺរ៉ុបទាំង២៧រូប ជាលើកដំបូងចាប់តាំងពីមានការប៉ះសម្ដីគ្នាខ្លាំងៗរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមាន កាលពីសប្ដាហ៍មុន។ ក្រោយជម្លោះពាក្យសម្ដីនេះកើតឡើង ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការផ្ដល់ជំនួយយោធា និងការចែករំលែងការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន រហូតទាល់តែ លោក ត្រាំ សម្រេចចិត្តថាមេដឹកនាំអ៊ុយក្រែនមានការប្ដេជ្ញាចិត្តចំពោះការចរចាសន្តិភាព។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដោយឈរជាមួយប្រមុខមេដឹកនាំសហភាពអឺរ៉ុប គឺលោកស្រី Ursula von der Leyen និង Antonio Costa ខណៈកិច្ចប្រជុំចាប់ផ្ដើម លោក ហ្សេលេនស្គី បាននិយាយថា «យើងពិតជារីករាយខ្លាំងណាស់ដែលយើងមិនឯកោ ហើយនេះមិនមែនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ»។
គួរបញ្ជាក់ថា ខណៈការប្ដេជ្ញាចិត្តដ៏យូរមកហើយរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខអឺរ៉ុបកំពុងស្ថិតក្នុងការសង្ស័យ ក្រុមមេដឹកនាំអឺរ៉ុបបានសន្យាថាពួកគេនឹងបង្កើនកញ្ចប់ថវិកាយោធា ហើយបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន៕