(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី៧ ខែមីនា បានរិះគន់គម្រោងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថាសមយុទ្ធនេះនឹងធ្វើឱ្យ ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានឈ្មោះថា Freedom Shield នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទសប្ដាហ៍ ក្រោយ រហូតដល់ថ្ងៃទី២០ ខែមីនានេះ ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងទាំងឡាយ ជាពិសេសគឺការគំរាមកំហែងពីកូរ៉េខាងជើងតែម្ដង។
ក៏ប៉ុន្តែ ទីក្រុងព្យុងយ៉ាង បានរិះគន់ថាសមយុទ្ធនេះនឹងធ្វើឱ្យស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «សមយុទ្ធយោធានឹងធ្វើឱ្យស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង។ យើងបានបញ្ជាក់ច្បាស់រួចហើយថាប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសម្ញែងសាច់ដុំយោធា នោះ យើងនឹងគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីបន្តពង្រឹងយុទ្ធសាស្ត្រកំញើញទប់ស្កាត់»៕