(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៧ ខែមីនា បានឱ្យដឹងពីការប្រទះឃើញបាឡុងចិនចំនួន ១១គ្រឿង នៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈចិននៅតែបន្តបង្កើនការធ្វើសកម្មយោធាក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ទៀតថាបាឡុងទាំងនោះត្រូវបានប្រទះឃើញរួមជាមួយយន្ដហោះយោធាចិន ៥គ្រឿង និងនាវាចម្បាំង ៦គ្រឿង ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក ថ្ងៃសុក្រនេះ។ ចិនបានទទូចជារឿយៗថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងគំរាមប្រើកម្លាំងយោធាដើម្បី គ្រប់គ្រងដែនកោះមួយនេះក្នុងករណីចាំបាច់។
ទីក្រុងប៉េកាំង ក៏បានបង្កើនការធ្វើសកម្មភាពយោធាតាមរយៈការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅក្បែរកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបញ្ជាក់ពី ការអះអាងពីអធិបតេយ្យលើតៃវ៉ាន់។
គួរបញ្ជាក់ថា ការប្រទះឃើញបាឡុងចិនខាងលើ កើតមានឡើងបន្ទាប់ពីតៃវ៉ាន់បានអះអាងថាយន្ដហោះយោធាចិន ៤៥គ្រឿងធ្វើសកម្មភាពក្បែរដែនកោះរបសខ្លួន ក្នុងរយៈពេល ២៤ម៉ោង កាលពីសប្ដាហ៍មុន៕