Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ៖ បើសមាជិក NATO មិនចាយលុយឱ្យច្រើនៗ សហរដ្ឋអាមេរិកនឹងមិនការពារពួកគេទេ (Video inside)

07-03-2025 09:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យសាជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ចំពោះឆន្ទៈរបស់លោកដើម្បីការពារសម្ព័ន្ធមិត្ត NATO របស់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថាលោកនឹងមិនការពារពួកគេនោះទេ ប្រសិនបើពួកគេមិនចាយលុយឱ្យបានគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន និងបន្ទាប់ពីបណ្ដាមេដឹកនាំអឺរ៉ុប គាំទ្រដល់ផែនការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ហើយសន្យាបន្ត ផ្ដល់គាំទ្រដល់អ៊ុយក្រែន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេមិនចាយលុយ ខ្ញុំនឹងមិនការពារពួកគេឡើយ។ ពិតណាស់ ខ្ញុំនឹងមិនការពារពួកគេទេ»។ លោក ត្រាំ បានបន្ថែមថាលោកធ្លាប់បញ្ចេញ ទស្សនៈបែបនេះអស់ជាច្រើនឆ្នាំ និងបានចែករំលែកវាជាមួយសម្ព័ន្ធមិត្ត NATO អំឡុងអាណត្តិទី១ជាប្រធានាធិបតីរបស់លោក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ តាមលោក ត្រាំ កិច្ចប្រឹងប្រែងរបស់លោកបានជំរុញឱ្យ បណ្ដាប្រទេសជាសមាជិក NATO បង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ប៉ុន្តែបច្ចុប្បន្ននៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលនេះតម្រូវឱ្យពួកគេត្រូវបង្កើនការចំណាយបន្ថែមទៀត។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ត្រាំ ត្រូវបានរំពឹងថានឹងបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រាប់ចាប់ពីអឺរ៉ុប រហូតដល់តំបន់អាស៊ី ជាទីដែលមេដឹកនាំជាច្រើនបានបារម្ភរួច ទៅហើយអំពីការដកការគាំទ្រសន្តិសុខរបស់សហរដ្ឋអាមេរិក ក្រោយលោក ត្រាំ បានប៉ះសម្ដីខ្លាំងៗជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈបង្ហាញពីឆន្ទៈចង់ផ្សះផ្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕