(បាងកក)៖ រដ្ឋាភិបាលថៃ បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការនិរទេសជនជាតិអ៊ុយហ្គួរ ៤០ នាក់ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដោយលើកឡើងពីការបារម្ភអំពីលទ្ធភាព នៃការសងសឹកពីសំណាក់ប្រទេសចិន ប្រសិនបើក្រុមនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសផ្សេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
លោក Russ Jalichandra អនុរដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា មានប្រទេសមួយចំនួនបានស្ម័គ្រចិត្តទទួលយកជនជាតិអ៊ុយហ្គួរទាំងនោះទៅតាំងទីលំនៅថ្មី។ ប៉ុន្តែលោកបានអះអាងថា ការធ្វើដូច្នេះនឹងមិនអាចការពារប្រទេសថៃ ពីផលប៉ះពាល់អវិជ្ជមានពីសំណាក់ប្រទេសចិនបានឡើយ។ លោកបានបន្ថែមថា «ប្រទេសថៃអាចប្រឈមមុខនឹងការសងសឹកពីប្រទេសចិន ដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនថៃជាច្រើន»។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីទម្រង់នៃការសងសឹកដែលអាចកើតមាននោះទេ។
ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗ ចំពោះការលើកឡើងរបស់លោក Russ អំពីការសងសឹកនោះទេ។ ប៉ុន្តែកាលពីសប្តាហ៍នេះ ក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បុគ្គលដែលថៃបានបញ្ជូនមកវិញគឺជាជនជាតិចិនដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយដំណើរការនិរទេសត្រូវបានធ្វើឡើងស្របតាមច្បាប់របស់ចិន ថៃ និងច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ជនជាតិអ៊ុយហ្គួរទាំង ៤០ នាក់នេះ គឺជាផ្នែកមួយនៃក្រុមជនជាតិអ៊ុយហ្គួរចំនួន ៣០០ នាក់ដែលបានភៀសខ្លួនពីប្រទេសចិន ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៤។ ជនជាតិអ៊ុយហ្គួរមួយចំនួន ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិន និងមួយចំនួនទៀតទៅកាន់ប្រទេសតួកគី ខណៈដែលនៅសល់ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានថា ជនជាតិអ៊ុយហ្គួរទាំងនោះអាចនឹងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ផ្សេងៗ ប្រសិនបើត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលចិនពីការរំលោភសិទ្ធិជនជាតិអ៊ុយហ្គួរយ៉ាងទូលំទូលាយនៅក្នុងតំបន់ Xinjiang ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ៕