(ប្រ៊ុចសែល)៖ ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​សហភាព​អឺរ៉ុប (EU) ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុម័ត​លើ​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ប្លុក និង​បញ្ជាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ផ្អាក​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ថា EU មិន​អាច​ពឹង​លើ​ការ​ការពារ​ពី​អាមេរិក​បាន​ទាំងស្រុង​ទៀត​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​សមាជិក EU ទាំង ២៧។ ទោះ​ជា​យ៉ាង​ណា មេដឹកនាំ​ជាតិនិយម​ហុងគ្រី លោក Viktor Orban ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក Trump អាច​នឹង​ប្រើ​សិទ្ធិ​វេតូ​លើ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​គាំទ្រ​អ៊ុយក្រែន។

ម្យ៉ាងវិញទៀត បើ​ទោះ​បី​ជា​កិច្ចប្រជុំ​កំពូល ​នឹង​បង្ហាញ​ពី​ការ​គាំទ្រ​ផ្នែក​ពាក្យ​សម្ដី និង​ផែនការ​សម្រាប់​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ក៏​ដោយ ក៏ EU មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ជំនួស​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង​បាន​ដែរ។ តាម​តួលេខ​របស់​អង្គការ​ណាតូ វ៉ាស៊ីនតោន​បាន​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ជាង ៤០ភាគរយ កាលពី​ឆ្នាំ​មុន ដែល​មួយ​ចំនួន​ក្នុង​នោះ​អឺរ៉ុប​មិន​មាន​សមត្ថភាព​ផ្គត់ផ្គង់​បាន​ដោយ​ងាយ​នោះ​ទេ។

កិច្ចប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ការពារ​ជាតិ​ដ៏​សំខាន់​នៅ​អឺរ៉ុប ដោយសារ​ការ​ព្រួយបារម្ភ​ថា​រុស្ស៊ី​អាច​នឹង​វាយប្រហារ​ប្រទេស​សមាជិក EU បន្ទាប់​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ថា​អឺរ៉ុប​មិន​អាច​ពឹងផ្អែក​លើ​ជំនួយ​ពី​សហរដ្ឋអាមេរិក​បាន​ទៀត​ទេ។

ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​បារាំង​មុន​កិច្ចប្រជុំ​កំពូល ប្រធានាធិបតី​បារាំង Emmanuel Macron បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ត្រៀម​ខ្លួន​របស់​អឺរ៉ុប​ក្នុង​ករណី​ដែល​សហរដ្ឋអាមេរិក​មិន​អាច​បន្ត​គាំទ្រ​បាន។ លោក​ថែមទាំង​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ពិភាក្សា​អំពី​ការ​ពង្រីក​ការ​ការពារ​ដែល​ផ្ដល់​ដោយ​ឃ្លាំងអាវុធ​នុយក្លេអ៊ែរ​របស់​បារាំង​ដល់​ដៃគូ​អឺរ៉ុប​របស់​ខ្លួន៕