(វ៉ាស៊ីនតោន)៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីថាជាជនផ្ដាច់ការម្នាក់ ដើម្បីដាក់សម្ពាធឱ្យប្រធានាធិបតីអ៊ុយក្រែនរូបនេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មលើធនធានរ៉ែកម្ររបស់អ៊ុយក្រែន ជាថ្នូរទៅនឹងការបន្តទទួលបានជំនួយយោធា និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះកិច្ចព្រមព្រៀងជាមួយលោក ត្រាំ។ ក៏ប៉ុន្តែ ពិធីចុះកិច្ចព្រមព្រៀងដែលត្រូវបានគ្រោងទុកក្នុងថ្ងៃដដែល នោះត្រូវបានលុបចោល បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នារវាងលោក ត្រាំ និងលោក ហ្សេលេនស្គីនៅឯការិយាល័យពងក្រពើនៃសេតវិមាន។ ចាប់តាំងពីឡើងកាន់តំណែងជា ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយរបស់អាមេរិកចំពោះអ៊ុយក្រែន ដោយងាកទៅចាប់ផ្ដើមផ្សះផ្សាជាមួយរុស្ស៉ី និងបង្កើនការដាក់សម្ពាធលើ លោក ហ្សេលេនស្គី។ វិធីសាស្ត្រដោះស្រាយសង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ មិនត្រឹមតែធ្វើឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុប ព្រួយបារម្ភប៉ុណ្ណោះទេ តែក៏កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅតៃវ៉ាន់ ផងដែរ។ ពោលគឺដូចគ្នាទៅកិច្ចព្រមព្រៀងរ៉ែរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក កំពុងព្យាយាមចូលទៅកាន់បច្ចេកវិទ្យាបន្ទះឈីបរបស់តៃវ៉ាន់ តាមរយៈការប៉ុនប៉ងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន TSMC និងក្រុមហ៊ុន Intel។ តែយ៉ាងណាក៏ដោយ ខណៈលោក ត្រាំ ចាត់ទុកថាការសម្រេចបានកិច្ចព្រមព្រៀងទាំង២នេះជាជោគជ័យមួយសម្រាប់ផលប្រយោជន៍អាមេរិក កិច្ចព្រមព្រៀង នៅតែខ្វះចំណុចដ៏សំខាន់មួយ នោះគឺ «ការធានាសន្តិសុខ»។
* កិច្ចព្រមព្រៀងអាមេរិក-អ៊ុយក្រែន
លោក ដូណាល់ ត្រាំ បានចាត់ទុកថាកិច្ចព្រមព្រៀងរ៉ែរបស់សហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីអាចឱ្យទីក្រុងវ៉ាស៊ីនតោន ប្រមូលយកមកវិញនូវលុយរាប់ពាន់ដុល្លារដែលអាមេរិក បានចំណាយទៅលើការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ អស់រយៈពេលជាង៣ឆ្នាំមកនេះ។ ប៉ុន្តែ កិច្ចព្រមព្រៀងមិនបានបញ្ចូលការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកដែលលោក ហ្សេលេនស្គី កំពុង ទទូចសុំនោះទេ។ លោក ត្រាំ នៅតែបន្តប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការស្វែងរកបទឈប់បាញ់ តែក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោនផ្សះផ្សាទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូ រុស្ស៉ីបែរជាកាន់តែបានចិត្ត ទៅវិញ ហើយបានប្រឆាំងជំទាស់ទៅនឹងនូវរាល់វត្តមានកងទ័ពលោកខាងលិច ដើម្បីធានាការអនុវត្តបទឈប់បាញ់ណាមួយនៅអ៊ុយក្រែន។ លោក ហ្សេលេនស្គីវិញដឹងយ៉ាងច្បាស់ថាអ៊ុយក្រែនកំពុងស្ថិតក្នុង កាលៈទេសៈដ៏សំខាន់ ដោយលោកព្រមានថា «គ្មានការធានាសន្តិសុខ វាក៏នឹងមិនមានបទឈប់បាញ់ដែរ»។ ខណៈលោក ត្រាំ បដិសេធសន្យាផ្ដល់ការធានាសន្តិសុខឱ្យអ៊ុយក្រែន លោកបានទទូចថាវត្តមាន កម្មករ ឬបុគ្គលិកក្រុមហ៊ុនអាមេរិកនៅលើទឹកដីអ៊ុយក្រែន នឹងបម្រើជាការវិធានការសន្តិសុខមួយដោយស្វ័យប្រវត្តិ។ ជាការពិតណាស់ ផលប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងរ៉ែ នៅតែមានភាពទាក់ទាញ ពីព្រោះអ៊ុយក្រែនអាចទទួលបានជំនួយ និងបច្ចេកវិទ្យាពីអាមេរិកដើម្បីកសាងប្រទេសឡើងវិញ។ ប៉ុន្តែ ដោយគ្មានកិច្ចព្រមព្រៀងធានាសន្តិសុខ កិច្ចព្រមព្រៀងរ៉ែនេះនឹងទុកឱ្យអ៊ុយក្រែនងាយរងគ្រោះ ដោយសារតែការប្រែប្រួលនៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៉ី។
* អាមេរិក និងតៃវ៉ាន់៖ ការកើនឡើងភាពតានតឹងជុំវិញបន្ទះឈីប
យុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោក ត្រាំ ហាក់ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់លោកចំពោះឧស្សាហកម្មបន្ទះឈីបរបស់តៃវ៉ាន់ដូច្នោះដែរ។ កាលពីសប្ដាហ៍ចុងក្រោយនៃខែកុម្ភៈកន្លងទៅ លោក ត្រាំ បានប្រកាសពី ផែនការយកពន្ធគយ ២៥ភាគរយលើមុខទំនិញដែលនាំចូលទៅកាន់សហរដ្ឋអាមេរិកដូចជា រថយន្ដ បន្ទះឈីប និងផលិតផលវេជ្ជសាស្ត្រ។ ផែនការយកពន្ធនេះត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនៅខែមេសា ខាងមុខនេះ។ ក្រុមអ្នកជំនាញបានព្រមានតៃវ៉ាន់ដែលជាទីជម្រករបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ហៅកាត់ថា TSMC ដែលជាក្រុមហ៊ុនឈានមុខគេខាងបច្ចេកវិទ្យាបន្ទះឈីប ថាអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែ៦០ភាគរយនៃចំណូលរបស់តៃវ៉ាន់មានប្រភពមកពីសហរដ្ឋអាមេរិក។ តៃវ៉ាន់ដែលមានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិក ក៏អាចនឹងក្លាយជាកម្មវត្ថុនៃ ការដំឡើងពន្ធរបស់លោក ត្រាំ ផងដែរ ក្នុងពេលដែលប្រធានាធិបតីអាមេរិករូបនេះបានគំរាមដំឡើងពន្ធដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម។
រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់ លោក J.W. Kuo បានឆ្លើយតបទៅនឹងការគំរាមពីលោក ត្រាំ ដោយកត់សម្គាល់ថា «ការអនុវត្តការធ្វើពាណិជ្ជកម្មមិនស្មើភាព» លើវិស័យបន្ទះឈីបតៃវ៉ាន់ គឺជារឿងមិនអាច ទទួលយកបាន។ លោក Kuo មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទេ ដោយសារតែកិច្ចចរចាកំពុងប្រព្រឹត្តទៅ។ តែលោកបានចាត់ទុកការគំរាមដំឡើងពន្ធរបស់លោក ត្រាំ គឺជា «យុទ្ធសាស្ត្រចរចា»។ ក៏ប៉ុន្តែ នៅពីក្រោយឆាកឯណោះវិញ មានសេចក្ដីរាយការណ៍ថាក្រុមហ៊ុន TSMC កំពុងស្ថិតនៅក្រោមការដាក់សម្ពាធឱ្យបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយក្រុមហ៊ុនអាមេរិក Intel ដើម្បីនាំយកឧស្សាហកម្មបន្ទះឈីប របស់តៃវ៉ាន់ខិតកាន់តែទៅជិតនឹងផលប្រយោជន៍អាមេរិក។ រដ្ឋាភិបាលតៃវ៉ាន់មកទល់នឹងពេលនេះ នៅតែទទូចថាមិនមានសំណើវិនិយោគផ្លូវការនៅក្រៅប្រទេសត្រូវបានធ្វើឡើង តែមានសញ្ញាជាច្រើនបង្ហាញ ពីការប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ពិភពលោក។ តាមលោក Kuo ការវិនិយោគរួមគ្នាណាមួយនឹងតម្រូវឱ្យមានការយល់ព្រមពីរដ្ឋាភិបាលជាមុនសិន ហើយខណៈតៃវ៉ាន់កំពុង រឹតត្បិតលើក្រុមហ៊ុនរបស់ខ្លួនពីការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន ការរឹតត្បិតដូចគ្នានេះក៏ត្រូវបានអនុវត្តដូចគ្នានៅក្នុងបណ្ដាប្រទេសដទៃដែរ។ ទាំងក្រុមហ៊ុន Intel និង TSMC មិនបានទទួលស្គាល់ថា មានកិច្ចពិភាក្សាឬយ៉ាងណាទេ? រីឯលោក ត្រាំ ធ្លាប់បានរិះគន់តៃវ៉ាន់ថាកំពុងលួចយកឧស្សាហកម្មបន្ទះឈីបពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន TSMC បានវិនិយោគរួចហើយនូវប្រាក់ ៦៥ពាន់លានដុល្លារលើរោងចក្រផលិតឈីបមួយចំនួនក្នុងរដ្ឋ Arizona ជាមួយការអនុញ្ញាតពីរដ្ឋាភិបាលតៃវ៉ាន់ក្នុងការផលិតបន្ទះឈីបទំហំ ២ណាណូម៉ែត្រ នៅទីនោះ។ ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតដែរថាអាទិភាពរបស់តៃវ៉ាន់ គឺរក្សាឧត្តមភាពនៃការប្រកួតប្រជែងក្នុងទីផ្សារបន្ទះឈីបពិភពលោក ស្របពេលលោក Kuo អះអាងថា «គ្មាននរណាម្នាក់អាចអង្រួនឱ្យមូលដ្ឋាននៃឧស្សាហកម្មបន្ទះឈីបរបស់តៃវ៉ាន់រង្គើបានឡើយ»។
* ភាពតានតឹងយោធារវាងចិន និងតៃវ៉ាន់ កើនឡើង
ខណៈជម្លោះពាណិជ្ជកម្មអាមេរិក-តៃវ៉ាន់ កើនឡើង ភាពតានតឹងយោធារវាងចិន និងតៃវ៉ាន់ ក៏ឡើងកម្ដៅផងដែរ។ ទីក្រុងប៉េកាំងបានបង្កើនការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ជាមួយការដឹកនាំការធ្វើ សមយុទ្ធយោធាស្ទើរជាប្រចាំ។ នៅពេលត្រូវបានសាកសួរអំពីការរៀបចំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Han Kuang របស់តៃវ៉ាន់នៅពេលខាងមុខ ក្រសួងការពារជាតិចិនបានច្រានចោលការតស៊ូរបស់ តៃវ៉ាន់ ដោយនិយាយថា «តៃវ៉ាន់ប្រៀបដូចជាសត្វកណ្ដូបមួយក្បាល ដែលកំពុងព្យាយាមបញ្ឈប់រទេះចម្បាំងមួយ» ហើយថាមុន ឬក្រោយ ចិននឹងយកតៃវ៉ាន់មកវិញ។ ជាការឆ្លើយតប ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បាននិយាយថាឆ្នាំនេះគឺជាខួបលើកទី៨០នៃសង្រ្គាមលោកលើកទី២ ហើយប្រវត្តិសាស្ត្របានបង្ហាញថាទង្វើឈ្លានពាន នៅចុងបញ្ចប់គឺតែងតែទទួលបរាជ័យ។
* ហ្គេមរបស់លោក ត្រាំ លេងជាមួយអ៊ុយក្រែន និងតៃវ៉ាន់
យុទ្ធសាស្ត្ររបស់លោក ត្រាំ ចំពោះអ៊ុយក្រែន និងតៃវ៉ាន់ បានបង្ហាញពីការប្រើប្រាស់យ៉ាងទូលំទូលាយនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីបញ្ជាក់ពីអនុភាពរបស់សហរដ្ឋអាមេរិក ខណៈគេចវេសផ្ដល់ការធានា សន្តិសុខដោយផ្ទាល់។ នៅអ៊ុយក្រែន លោក ត្រាំ កំពុងព្យាយាមចូលប្រើប្រាស់ធនធានរ៉ែដ៏មានតម្លៃរបស់អ៊ុយក្រែន តែបែរជាទុកឱ្យអ៊ុយក្រែនដើររកការធានាសន្តិសុខដោយខ្លួនឯងទៅវិញ។ ចំពោះតៃវ៉ាន់វិញ លោក ត្រាំ កំពុងដាក់សម្ពាធលើក្រុមហ៊ុន TSMC ឱ្យចុះកិច្ចព្រមព្រៀងមួយដែលនឹងពង្រឹងការចូលរួមរបស់សហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅក្នុងឧស្សាហកម្មបន្ទះឈីប ដែលនេះប្រៀបបានដូចជាការចងភ្ជាប់ ផលប្រយោជន៍អាមេរិកទៅនឹងអាយុជីវិតរបស់តៃវ៉ាន់ ដោយមិនបានសន្យាជាផ្លូវការថានឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិនឡើយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងមន្ត្រីផ្សេងទៀតក្នុងជួររដ្ឋបាលលោក ត្រាំ មើលឃើញថាកិច្ចព្រមព្រៀងណាមួយរវាងក្រុមហ៊ុន TSMC និងក្រុមហ៊ុន Intel គឺជាមធ្យោបាយ ដើម្បីជំរុញ ការផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់អាស៊ីជាពិសេសគឺតៃវ៉ាន់តែម្ដង។ តែទោះជាបែបនេះក្ដី យុទ្ធសាស្ត្រនេះបានបង្កឱ្យមានការសង្ស័យ ព្រោះវាមើលទៅ ហាក់ដូចជាមិនផ្តោតធ្ងន់លើការការពារតៃវ៉ាន់ តែបែរជាផ្តោតលើការជំរុញឧស្សាហកម្មអាមេរិក។
គួរបញ្ជាក់ថា លោក ត្រាំ បានចោទប្រកាន់តៃវ៉ាន់ថាបានលួចឧស្សាហកម្មឈីបពីសហរដ្ឋអាមេរិក និងគំរាមដំឡើងពន្ធលើឧស្សាហកម្មឈីបតៃវ៉ាន់។ លោក ត្រាំ រំពឹងថាសម្ព័ន្ធមិត្តនឹងសងសំណងដល់អាមេរិក សម្រាប់ការគាំទ្ររបស់ខ្លួន។ ដូច្នេះប្រសិនបើកិច្ចព្រមព្រៀង TSMC-Intel ក្លាយជាការពិតមែន នោះវានឹងត្រូវប្រើដោយមានមុខងារដូចគ្នាទៅនឹងកិច្ចព្រមព្រៀងរ៉ែអ៊ុយក្រែន ដែលចងភ្ជាប់ប្រយោជន៍អាមេរិក ជាមួយតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយ ដោយមិនមានការប្ដេជ្ញាចិត្ត ឬការសន្យាបញ្ជូនកងទ័ពអាមេរិកទៅតៃវ៉ាន់នោះទេ៕