(អង់ការ៉ា)៖ ប្រទេស​តួកគី ដែល​មាន​កងទ័ព​ធំ​ជាង​គេ​ទី​ពីរ​ក្នុង​អង្គការ​ណាតូ (NATO) បន្ទាប់​ពី​សហរដ្ឋអាមេរិក អាច​នឹង​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អ៊ុយក្រែន ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​តួកគី​ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ចូលរួម​ចំណែក​របស់​តួកគី​ក្នុង​បេសកកម្ម​នេះ​នឹង​ត្រូវ​ពិចារណា​ ប្រសិនបើ​ចាំបាច់​ដើម្បី​ធានា​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ ហើយ​នឹង​ត្រូវ​វាយតម្លៃ​ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។

ការ​លើក​ឡើង​នេះ​កើតឡើង​បន្ទាប់​ពី​មហាអំណាច​យោធា​អឺរ៉ុប​ដូចជា អង់គ្លេស និង​បារាំង បាន​ពិភាក្សា​រួច​ហើយ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​ ដើម្បី​តាមដាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព។ ទោះ​ជា​យ៉ាង​ណា សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​បញ្ជូន​កងទ័ព​អាមេរិក​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ទេ។

អ៊ុយក្រែន​បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​ត្រូវតែ​មាន​វត្តមាន​កងកម្លាំង​ដ៏​រឹងមាំ​នៅ​នឹង​កន្លែង​ដើម្បី​ធានា​សន្តិសុខ។ រុស្ស៊ី​បាន​បដិសេធ​រាល់​ការ​ដាក់​ពង្រាយ​កងកម្លាំង​ណាតូ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជឿជាក់​ថា​រុស្ស៊ី​អាច​នឹង​យល់ព្រម។

គួរបញ្ជាក់ថា ការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពតួកគី នៅតែស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ដោយមិនទាន់មានការសម្រេចចិត្តចុងក្រោយនោះទេ នេះបើតាមប្រភពពីប្រទេសតួកគី។ ប្រភពដដែលបានគូសបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាលក្ខខណ្ឌចាំបាច់មុន ហើយការដាក់ពង្រាយដំបូង នឹងកំណត់ត្រឹមតែអង្គភាពមិនចូលរួមប្រយុទ្ធ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ប៉ុណ្ណោះ។

តួកគី​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​តាំងពី​ដើម​សង្គ្រាម​មក ទោះបីជា​តួកគី​ជា​គូប្រជែង​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ក៏​ដោយ។ តួកគី​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​ធ្លាប់​បាន​សម្របសម្រួល​កិច្ចព្រមព្រៀង​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​កាលពី​ពេល​កន្លង​មក ដូចជា​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ៕