(មូស្គូ)៖ កងកម្លាំងយុទ្ធសាស្រ្តមីស៊ីលនៃប្រទេសរុស្ស៊ី បានធ្វើការបាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ នៅថ្ងៃពុធម្សិលមិញនេះដែលត្រូវបានគេជឿជាក់ថា ជាការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរដ៏ទំនើបបំផុត ដែលមានសមត្ថភាពយកឈ្នះលើប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិកបាន។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Daily Mail របស់ចក្រភពអង់គ្លេសនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
គេហទំព័រស្តីអំពីវិស័យការពាររុស្ស៊ីឈ្មោះ Military Russia បានឲ្យដឹងថាការបាញ់មីស៊ីលផ្លោងខាងលើ គឺត្រូវបានធ្វើឡើងក្នុងន័យធ្វើការសាងល្បងសមត្ថភាព របស់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបច្ចុប្បន្នត្រូវបានគេ ស្គាល់ត្រឹមឈ្មោះសម្គាល់ដោយអ្នកអភិវឌ្ឍន៍របស់វាថា «Object 4202» ឬក៏ «Aerobaliistic Hypersonic Warhead» ហើយការធ្វើតេស្តនោះបានប្រព្រឹត្តទៅដោយជោគជ័យ។
គួរបញ្ជាក់ដែរក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ HGV នេះអាចផ្លាស់ប្តូរទិសដៅរបស់វាបានអំឡុងពេលដែលវា ឆ្ពោះទៅកាន់គោលដៅជាមួយនិងល្បឿនលឿនដ៏លឿនបំផុត ដែលប្រការនេះនឹងធ្វើឲ្យប្រព័ន្ធការពារមីស៊ីល មានភាពលំបាកជាខ្លាំងក្នុងចាប់ស្ទាក់។ ម៉្យាងវិញទៀតក្បាលគ្រាប់នុយក្លេអ៊ែរដ៏ទំនើបនេះ នឹងត្រូវប្រើប្រាស់ ជាមួយនិងគ្រាប់មីស៊ីល-នុយក្លេអ៊ែរស៊េរីថ្មីរបស់រុស្ស៊ី ដែលមានសមត្ថភាពក្នុងការកម្ទេចប្រទេសបារាំង ឬអង់គ្លេសចេញពីផែនទីពិភពលោកបាន៕