(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ២០២៥ ដែលរដ្ឋាភិបាលចិនបានដាក់ជូន សភាតំណាងប្រជាជន ទូទាំងប្រទេសចិនដែលជាស្ថាប័នអំណាចកំពូល របស់ចិនពិនិត្យពិភាក្សា បានទាក់ទាញក្រសែភ្នែករបស់ ពិភពលោក។ អ្វីដែលត្រូវគេយកចិត្តទុកដាក់បំផុតគឺចិន បានកំណត់គោលដៅរំពឹងទុកសម្រាប់កំណើន GDP គឺប្រហែល៥ភាគរយ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងឱ្យដឹងថា គោលដៅនេះគឺសមស្របនឹងការប៉ាន់ប្រមាណ ក្នុងទីផ្សារ ហើយបានរក្សាបាននូវភាពដូចគ្នា ជាមួយនឹងរយៈពេលពីរឆ្នាំ កន្លងទៅនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការលំនឹងឱកាសការងារ បង្ការហានិភ័យនិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ព្រមពេលជាមួយគ្នានេះ ក៏បានបម្រើដល់គោលដៅអភិវឌ្ឍន៍រយៈពេលមធ្យមនិងវែងដែរ។
តើត្រូវវាយតម្លៃយ៉ាងណាចំពោះ “គោលដៅប្រហែល៥ភាគរយ” នេះ? គឺត្រូវមើលពីផ្នែកទិន្នន័យផង ហើយក៏ត្រូវមើលពីផ្នែកខ្លឹមសារផងដែរ។ នៅឆ្នាំ២០២៤ដែលទើបកន្លងទៅនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនឡើង៥ភាគរយ ល្បឿនកំណើនកាន់ឋានៈឈានមុខគេ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាព កាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែចិននៅតែកំណត់គោលដៅកំណើន ប្រហែល៥ភាគរយដដែល។ នេះបានបង្ហាញពីអាកប្បកិរិយាតស៊ូព្យាយាមរបស់ចិន គឺជាសក្សីនៃជំនឿចិត្តនិងកម្លាំងជាក់ស្តែង នៃសេដ្ឋកិច្ចចិន ហើយក៏បំពេញបន្ថែមជំនឿចិត្តនិងកម្លាំង សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែរ។
អត្ថន័យនៃ “ប្រហែល៥ភាគរយ” នេះក៏បានបង្ហាញឱ្យឃើញនៅត្រង់ការងារនីមួយៗ នៃការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ចិនដែរ។ ក្នុងភារកិច្ចការងារធំៗ ចំនួន១០ដែលរដ្ឋាភិបាលចិនបានដាក់ចេញនៅឆ្នាំនេះ អ្វីដែលកាន់លំដាប់ថ្នាក់ទីមួយគឺការជំរុញ ការប្រើប្រាស់ដោយពេញទំហឹង លើកកម្ពស់ផលចំណេញនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុក ដោយគ្រប់ជ្រុងជ្រោយ។ រីឯការជំរុញការប្រើប្រាស់គឺជាភារកិច្ចសំខាន់បំផុត ក្នុងការពង្រីកតម្រូវការផ្ទៃក្នុង និងធ្វើឱ្យវដ្ដវិលជុំធំក្នុងស្រុកកាន់តែខ្លាំងក្លា។
មិនត្រឹមតែប៉ុណ្ណោះទេ អត្ថន័យនៃ “ប្រហែល៥ភាគរយ” ក៏បានបង្ហាញលើពាក្យ “វៃឆ្លាត” ដែរ។ ក្នុងបញ្ជីឈ្មោះនៃ “រោងចក្រជឿនលឿនបំផុត” (Lighthouse Network) មួយក្រុមថ្មីដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រកាសកាលពីខែតុលាឆ្នាំ២០២៤ មានសហគ្រាសផលិតកម្មចំនួន២២ចូលរួម ក្នុងនោះ រោងចក្រមកពីប្រទេសចិន មានចំនួនជិត៦០ភាគរយ។ ពេលថ្មីៗកន្លងទៅនេះ DeepSeek ដែលជាកម្មវិធីខាងបញ្ញាសិប្បនិម្មិតរបស់ចិន មានភាពសន្ទុះខ្លាំងក្លា ដែលនាំឱ្យពិភពលោកឃើញលក្ខណៈច្នៃប្រឌិតថ្មី និងភាពបរិយាប័ន្នរបស់ចិនក្នុងការអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងជាច្រើនលើកអំពីការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត រួមមានទាំងគាំទ្រ ការប្រើប្រាស់យ៉ាងទូលំទូលាយនូវម៉ូដែលធំ និងអភិវឌ្ឍយ៉ាងពេញទំហឹង នូវរថយន្តថាមពលថ្មីក្នុងបណ្តាញឆ្លាតវៃ ទូរស័ព្ទដៃនិងកុំព្យូទ័របញ្ញាសិប្បនិម្មិតនិងមនុស្សយន្តវៃឆ្លាតជាដើម។
បើនិយាយចំពោះប្រទេសចិន ឆ្នាំ២០២៥ជាឆ្នាំគន្លឹះមួយទៀត ព្រោះថា “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”ជិតនឹងបញ្ចប់ ហើយ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”នឹងចាប់ផ្តើមរៀបចំ។ ភារកិច្ចគឺធ្ងន់ណាស់ បើចង់សម្រេចបាននូវគោលដៅ អភិវឌ្ឍន៍គ្រប់ផ្នែកគឺមិនងាយទេ ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន។ ប៉ុន្តែការអភិវឌ្ឍរបស់ចិនគ្មានឧបសគ្គណា ដែលមិនអាចឆ្លងផុតបានឡើយ បូកសរុបលក្ខខណ្ឌនានាអាចឃើញថា ចិនពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចបាន នូវគោលដៅកំណើននៅឆ្នាំនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន